(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅការ៉ាកាស់) បានប្រកាសពី «កតិកាសញ្ញាឯកភាព» មួយគាំទ្រដោយគណបក្សចម្រុះ ដែលអំពាវនាវឱ្យមានការបង្កើនសម្ពាធ ជាលក្ខណៈអន្តរជាតិ ទៅលើប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ខណៈដែលប្រទេសនេះ កំពុងឈានទៅរកការបោះឆ្នោតសភាថ្មី នៅខែធ្នូខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។

គណបក្សប្រឆាំងភាគច្រើនបាននិយាយថា ពួកគេនឹងមិនចូលរួមក្នុងការបោះឆ្នោតសភា នាពេលខាងមុខនេះឡើយ ដោយផ្អែកលើហេតុផលថា វាត្រូវបានគេប្រើមធ្យោបាយមិនសុច្ចរិត ដើម្បីសម្រេចបាននូវការជាប់ឆ្នោតនេះ ឬនិយាយឲ្យខ្លី គឺវានឹងមានការបន្លំសន្លឹកឆ្នោត។ ប៉ុន្តែគណបក្សមួយ​ដែលដឹកនាំដោយបេក្ខជនប្រធានាធិបតី លោក ហិនរីក ខាព្រីលស៍ (Henrique Capriles) បានបើកកិច្ចពិភាក្សា​ជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា​អំពីការធានាឱ្យមានការបោះឆ្នោតដោយត្រឹមត្រូវ និងសុច្ចរិតមួយ និងបានស្នើសុំឲ្យសហភាពអឺរ៉ុបបញ្ជូនអ្នកសង្កេតការណ៍​ដើម្បីឃ្លាំមើលការបោះឆ្នោតសភាថ្មី​នាពេលខាងមុខនេះផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារាហ្សា (Jorge Arreaza) កាលពីសប្តាហ៍មុន ក៏បានផ្ញើលិខិតអញ្ជើញសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ឱ្យបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតសភាថ្មី នាពេលខាងមុខនេះផងដែរ ដែលជា «ការធានាឲ្យបានច្រើន» ដើម្បីប្រាកដថាជាការបោះឆ្នោតសភាថ្មីដ៏ត្រឹមត្រូវ និងសុច្ចរិតមួយ។

គួរបញ្ជាក់ថា កតិកាសញ្ញានេះ ត្រូវបានគាំទ្រដោយគណបក្សប្រឆាំងធំៗចំនួន ០៤ ក៏ដូចជាគណបក្ស និងអង្គការនយោបាយចំនួន ៣៣ផ្សេងទៀត ដើម្បីទាមទារឲ្យមានការបង្កើនសម្ពាធអន្តរជាតិ លើប្រធានាធិបតីវេណេស៊ុយអេឡាបច្ចុប្បន្ន គឺលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro)៕