(ស៊ីដនី)៖ អ្នកកាសែតអូស្រ្តាលី ២នាក់ បានចាកចេញពីប្រទេសចិនយ៉ាងតក់ក្រហល់ទាំងយប់ បន្ទាប់ពីត្រូវបានប៉ូលិសចិន តាមស្វែងរកដើម្បីសួរចម្លើយ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

ការចាកចេញរបស់អ្នកកាសែត ABC News លោក បៀល បឺតថល (Bill Birtles) និងអ្នកឆ្លើយឆ្លងព័ត៌មាន នៃកាសែត Financial Review លោក មីឆែល ស្មីត (Michael Smith) បានកើតឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយអាជ្ញាធរចិន ឃុំខ្លួនអ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់ បម្រើការងារឲ្យបណ្ដាញទូរទស្សន៍ចិន CGTN។ បើតាម ABC News លោក បឺតថល ជាអ្នកកាសែតប្រចាំទីក្រុងប៉េកាំង និងលោក ស្មីត ជាអ្នកធ្វើការនៅក្នុងទីក្រុងសៀងហៃ (Shanghai) ហើយអ្នកទាំងពីរ បានស្នាក់នៅក្នុងការិយាល័យ ការទូតអូស្ត្រាលីជាច្រើនថ្ងៃ មុនពេលត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសចិន។

គួរបញ្ជាក់ថា លោក បឺតថល និងលោក ស្មីត បានហោះចេញពីទីក្រុងសៀងហៃ អមដំណើរដោយអ្នកការទូតអូស្ត្រាលី កាលពីថ្ងៃចន្ទម្សិលមិញ និងបានទៅដល់ទីក្រុងស៊ីដនី នៅព្រឹកថ្ងៃអង្គារនេះ។ បើតាម ABC News ក្រុមប៉ូលិសចិន៧នាក់ បានចុះទៅឆែកឆេរនៅក្នុងផ្ទះរបស់លោក បឺតថល ទាំងកណ្ដាលអាធ្រាត្រ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដើម្បីសាកសួរពីករណីទាក់ទងនឹងសន្តិសុខជាតិ៕