(ប៉េកាំង)៖ ក្រុមហ៊ុនផលិតយន្ដហោះចម្បាំងចិន ត្រូវបានគេរាយការណ៍ថាបានធ្វើតេស្ដហោះហើរយន្ដហោះចម្បាំងបំបាំងកាយថ្មីមួយ ដែលត្រូវបានផលិតឡើងទុកសម្រាប់ ប្រជែងជាមួយយន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 និងធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះចម្បាំងជំនាន់ក្រោយរបស់យោធាចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

រូបភាពនៃយន្ដហោះចម្បាំងបំបាំងកាយជំនាន់ទី៥ FC-31 Gyrfalcon របស់ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មយន្ដហោះចិន (AVIC) ត្រូវបានបង្ហោះនៅលើបណ្ដាញ ទំនាក់ទំនងសង្គមចិន Weibo ដោយបង្ហាញថាយន្ដហោះចម្បាំងនេះ ត្រូវបានធ្វើតេស្ដហោះហើរកាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែ មិនទាន់មានការបញ្ជាក់ ឬទទួលស្គាល់ជា ផ្លូវការណាមួយ ពីក្រុមហ៊ុន AVIC និងយោធាចិននោះទេ ដោយគ្រាន់តែគេដឹងថា FC-31 ទំនងជាកំពុងស្ថិតក្រោមការកែប្រែបន្ថែមមួយចំនួន។

គួរជម្រាបថា FC-31 គឺជាយន្ដហោះចម្បាំងបំបាំងកាយទី២ ផលិតនៅក្នុងស្រុករបស់ចិន បន្ទាប់ពីយន្ដហោះចម្បាំងបំបាំងកាយ J-20។ FC-31 ត្រូវបានធ្វើតេស្ដហោះហើរ ជាលើកដំបូងកាលពីឆ្នាំ២០១២ ហើយក៏បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពីព័ណ៌យន្ដហោះជាច្រើនផងដែរ។ ក្រុមហ៊ុន AVIC សង្ឃឹមថា FC-31 នឹងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីប្រជែងជាមួយយន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 របស់ក្រុមហ៊ុនអាមេរិក Lockheed Martin៕