(ម៉ាឌ្រីដ)៖ អេស្ប៉ាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានក្លាយជាប្រទេសក្នុងតំបន់អឺរ៉ុបខាងលិចដំបូងគេបំផុត ដែលមានចំនួនអ្នកឆ្លង COVID-19 លើស៥០០,០០០នាក់ បន្ទាប់ពីករណីឆ្លងកើនឡើងជាថ្មី ចំពេលសាលារៀននានាបើកទ្វារឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ អ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៥២៥,៥៤៩នាក់ ក្រោយអ្នកឆ្លងថ្មី ២,៤៤០នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះអ្នកស្លាប់មាន ២៩,៥១៦នាក់។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ្នកឆ្លងមានត្រឹមតែ ៤៩៨,៩៨៩នាក់ ប៉ុណ្ណោះ ហើយ ករណីឆ្លងថ្មីទាំងនេះទៀតសោត បានកើតឡើងចំពេលសាលារៀនកំពុងបើកទ្វារ ឡើងវិញ ហើយអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភខា្លចក្រែងរលកទី២ COVID-19 អាចនឹងផ្ទុះឡើងជាថ្មីអឺរ៉ុប នៅរដូវរងារខាងមុខនេះ៕