(ហាណូយ)៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម Vietnam News Agency បានរាយការណ៍ថា មានសិស្សសាលាថ្នាក់បឋមសិក្សាចំនួន ០៣នាក់បានបាត់បង់ជីវិត និង ០៣នាក់ទៀតរងរបួស ក្នុងហេតុការណ៍រលំខ្លោងទ្វារសាលាមួយកន្លែង នៅខេត្តឡាវកៃ (Lao Cai) ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានវៀតណាម បានគូសបញ្ជាក់ថា ខ្លោងទ្វារដែកកម្ពស់២ម៉ែតរបស់សាលរៀនមួយកន្លែង នៅស្រុកវ៉ាន់បាន (Van Ban) នៃខេត្ត Lao Cai ស្រាប់តែរលំភ្លាមៗកាលពីរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីកូនសិស្សតូចៗមួយក្រុមមានគ្នាចំនួន០៦នាក់ ដែលមានអាយុចន្លោះពី៥ ទៅ៦ឆ្នាំ បានរត់លេងហើយក៏បានទាញខ្លោងទ្វារដែកនោះលេង។ ហេតុការណ៍នេះ បានបណ្តាលឲ្យស្លាប់ក្មេងៗ ០៣នាក់នៅកន្លែងកើតហេតុផ្ទាល់ ខណៈ០៣នាក់ទៀតរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះព្យាបាល។

គួរជម្រាបថា អាជ្ញាធរពាក់ព័ន្ធប្រចាំនៅខេត្តខាងលើ បាននិងកំពុងតែស៊ើបអង្កេតជុំវិញករណីនេះ៕