(ប៉េកាំង)៖ ទីបំផុតប្រទេសចិនបានដាក់តាំងបង្ហាញ វ៉ាក់សាំង COVID-19 របស់ខ្លួនជាលើកដំបូង ខណៈការប្រកួតប្រជែងផលិតវ៉ាក់សាំងនៅលើពិភពលោក កាន់តែមានសន្ទុះខ្លាំងឡើងៗ បន្ទាប់ពីរុស្ស៊ីប្រកាសពីការចុះបញ្ជីវ៉ាក់សាំង មុនគេបំផុតនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

វ៉ាក់សាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុនចិន សាយណូវ៉ាក់ បាយអូធិច (Sinovac Biotech) និងក្រុមហ៊ុន សាយណូផាម (Sinopharm) ត្រូវបានដាក់តាំងបង្ហាញនៅឯព្រឹត្តិការណ៍ ត្រេដហ្វ៊ែរ (Trade Fairs) ក្នុងទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ។ មកទល់នឹងពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយ ត្រូវបានដាក់លក់នៅក្នុងទីផ្សារនោះទេ តែមានការរំពឹងជាច្រើនថា វ៉ាក់សាំងដែលកំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ រួមទាំងវ៉ាក់សាំងចិន អាចនឹងទទួលបានការអនុម័ត ដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២០ នេះតែម្តង។

បើតាមអ្នកតំណាងក្រុមហ៊ុន Sinovac ក្រុមហ៊ុនឱសថចិនមួយនេះ បានបញ្ចប់ការសាងសង់ រោងចក្រផលិតវ៉ាក់សាំងមួយរួចរាល់ហើយ ដោយមានសមត្ថភាពផលិតវ៉ាក់សាំង ៣០០លានដូសក្នុងមួយឆ្នាំ។ ដោយឡែក បើតាមប្រធានក្រុមហ៊ុន Sinopharm វ៉ាក់សាំងពីរដូស (ដប) របស់ខ្លួន អាចនឹងមានតម្លៃក្រោម ១៤៦ដុល្លារ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ វ៉ាក់សាំងមួយផ្សេងទៀតរបស់យោធាចិនក៏មានសមត្ថភាព ប្រឆាំងនឹងការវិវត្តនៃវីរុសកូរ៉ូណា (COVID-19) ផងដែរ។ គិតត្រឹមកាលពីខែសីហាកន្លងទៅ វ៉ាក់សាំងចំនួន ៥.៧ពាន់លានដូសទៅហើយ ត្រូវបានបញ្ជាទិញទុកជាមុននៅជុំវិញពិភពលោក ខណៈដែលពួកវាកំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយ ប៉ុន្តែអង្គការសុខភាពពិភពលោក WHO បានព្រមានថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជាសកលអាចនឹងត្រូវធ្វើឡើង នៅពាក់កណ្ដាលឆ្នាំ២០២១ឯណោះ៕