(បាងកក)៖ រដ្ឋាភិបាលថៃកំពុងស្វះស្វែងរក រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីមួយរូបទៀត ដើម្បីមកស្រាយបញ្ហាសេដ្ឋកិច្ចដែលកាន់តែរីកធំឡើងៗ ដោយសារតែជំងឺរាតត្បាតសកល COVID-19 បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុចាស់ បានដាក់ពាក្យលាលែងចេញពីតំណែង។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០។

លោក បាំងកឺ ប្រេឌី ដៅឆៃ (Banker Predee Daochai) បានលាលែងចេញពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ បន្ទាប់ពីអ្នកជំនាញខាងវិស័យធនាគារជើងចាស់រូបនេះ បានឡើងមកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។ ក្នុងលិខិតលាលែង លោក Predee ដែលមានវ័យ ៦១ឆ្នាំរូបនេះបានលើកឡើងពីមូលហេតុ នៃការសុំលាលែងពីតំណែងនេះថា ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន។

លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ សាន់ធី ព្រំផាត (Santi Promphat) ជាអតីតរដ្ឋមន្ត្រីដឹកជញ្ជូន និងធ្លាប់ធ្វើការនៅក្រោមរដ្ឋាបាលបីផ្សេងៗគ្នា បានប្រកាសថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី។

គួរបញ្ជាក់ថា ក្រៅពីលោក Promphat លោក ផៃលិន ឈូឈុតថាវ៉ន (Pailin Chuchottaworn) ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង PTT និងទេសាភិបាលធនាគារកណ្ដាលថៃ លោក វីរ៉ាថៃ សាន់ធីប្រាភព (Veerathai Santiprabhob) ក៏ជាបេក្ខជនមានសក្ដានុពល ដែលអាចនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ជាតំណែងដ៏សំខាន់ដែលលោក ប្រាយុទ្ធ ចាន់អូចា ត្រូវការជាចាំបាច់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបង្កឡើង COVID-19 ផងដែរ៕