(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនលើស ៤លានករណីហើយ បន្ទាប់ពីអ្នកឆ្លងថ្មី ៨៦,៤៣២ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងជាការបំបែកកំណត់ត្រាឆ្លងប្រចាំថ្ងៃ ដ៏ខ្ពស់បំផុតផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា ករណីឆ្លង COVID-19 សរុបបានកើនដល់ជាង ៤,០២៣,០០០ករណី ខណៈអ្នកស្លាប់ក៏បានកើនដល់ជាង ៦៩,៥០០នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មី ១,០៨៩នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។ ចំណែកឯអ្នកជំងឺជាង ៨៤៦,៤០០នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺជាង ៣,១០៧,០០០នាក់បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា ហៅកាត់ថា ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៤៧,៧៣៨,៤៩១នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួន ១,០៥៩,៣៤៦នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃសុក្រម្សិលមិញនេះប៉ុណ្ណោះ៕