(ដាកា)៖ មនុស្សចំនួន ១២នាក់ក្នុងនោះមានទាំងក្មេងប្រុសម្នាក់ផងដែរ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួសដោយការរលាក ក្នុងហេតុការណ៍ផ្ទុះម៉ាស៉ីនត្រជាក់ ក្នុងព្រះវិហារអ៉ីស្លាមមួយកន្លែង​កាលពីយប់ថ្ងៃសុក្រម្សិលមិញ នៅស្រុក ណារ៉ាយ៉ាងហ្គាន (Narayanganj) ចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរដ្ឋធានីដាកានៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរបង់ក្លាដែស មនុស្សយ៉ាងហោច ៣៧នាក់ បានទទួលរងរបួសក្នុងហេតុការណ៍ខាងលើ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការជួយសង្រ្គោះ។ ពួកគេភាគច្រើនបានរងការលាកខ្លួនពី ៦០-៧០ភាគរយ។ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មនុស្សចំនួន ១២នាក់ហើយបានស្លាប់ ខណៈស្ថានភាពរបស់អ្នករងរបួស ២៥នាក់ទៀត នៅតែបន្តធ្ងន់ធ្ងរនៅឡើយ។

គួរជម្រាបថា កាលពីវេលាម៉ោង ៩៖០០នាទីយប់ថ្ងៃសុក្រម្សិលមិញនេះ ម៉ាស៉ីនត្រជាក់ទាំង ០៨គ្រឿងនៅជាន់ផ្ទាល់ដី បានផ្ទុះឆាបឆេះឡើង នៅពេលមានអ៉ីស្លាមសាសនិកប្រហែល ១០០នាក់ បានទៅថ្វាយបង្គំនៅក្នុងព្រះវិហារ ដែលមានកម្ពស់ ០៣ជាន់នោះ។ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យមានការសង្ស័យថា អាចមានការលេចធ្លាយហ្គាស ទើបបណ្តាលឲ្យមានឧបទ្ទវហេតុដ៏អាក្រក់បែបនេះ។ គណៈកម្មាធិការមួយ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីបើកការស៉ើបអង្កេតលម្អិតជុំវិញករណីនេះ៕