(ព្យុងយ៉ាង)៖ គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានប្តេជ្ញាដាក់ទោសមន្ត្រីអសកម្មទាំងឡាយ ដែលមិនបានចាត់វិធានការឲ្យបានពេញលេញ និងទាន់ពេល ជាហេតុនាំឲ្យប្រជាជនរាប់សិបនាក់បាត់បង់ជីវិត ដោយសារព្យុះទីហ្វុងកំណាច ម៉ៃសាក់ (Maysak) ដែលបានវាយប្រហារភាគខាងកើតប្រទេស កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

កាសែតរដ្ឋកូរ៉េខាងជើង រ៉ូដុងស៊ីនម៉ាន់ (Rodong Sinmun) បានចេញផ្សាយយ៉ាងដូច្នេះថា «មនុស្សរាប់សិបនាក់ (មិនបានបញ្ជាក់តួលេខជាក់លាក់) បានស្លាប់ ព្រោះតែមន្ត្រីក្រុង និងខេត្តមិនបានយកចិត្តទុកដាក់ អនុវត្តតាមការណែនាំពី​គណបក្សកាន់អំណាច។ មន្ត្រីដែលមិនអនុវត្តតាមតួនាទីឲ្យបានត្រឹមត្រូវ នោះនឹងទទួលនូវការពិន័យ យ៉ាងធ្ងន់ធ្ងរបំផុត»

គួរបញ្ជាក់ថា ខ្យល់ព្យុះទីហ្វុងកំណាចម៉ៃសាក់ដែលយកឈ្មោះតាម ដើមឈើមួយប្រភេទនៅប្រទេសកម្ពុជា បានបោកបក់ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងចាប់ពីយប់ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញនេះថា មនុស្សពីរនាក់បានបាត់បង់ជីវិត ប៉ុន្តែសម្រាប់កូរ៉េខាងជើងវិញ ទោះបីជាមានការបញ្ជាក់ថា មានមនុស្សស្លាប់រាប់សិបនាក់ក៏ពិតមែន តែតួលេខជាក់នោះមិនត្រូវបានបញ្ចេញឡើយ៕