(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញស៊ើបការណ៍សម្ងាត់អាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរាយការណ៍ឲ្យដឹងថា រូបភាពពីផ្កាយរណបដែលត្រូវបានថតពីលើ​កន្លែងផលិតនាវាមួយរបស់កូរ៉េខាងជើង បានបង្ហាញពីសកម្មភាពនៃការត្រៀមសាកល្បង​គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលនឹងបាញ់ចេញពីនាវាមុជទឹក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិហៅកាត់ថា CSIS បានគូសបញ្ជាក់យ៉ាងដូច្នេះថា រូបភាពដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ស្តីពីកន្លែងផលិតនាវាស៊ីនប៉ូ (Sinpo) របស់កូរ៉េខាងជើង បានបង្ហាញពីនាវាជាច្រើន​ដែលបានចតនៅកន្លែងមួយដែលមានសុវត្ថិភាព ហើយក្នុងចំណោមនាវាទាំងនោះ មាននាវាមួយដែលមានលក្ខណៈ ស្រដៀងទៅនឹងនាវា ដែលធ្លាប់បានប្រើសាកល្បង ក្នុងការបាញ់មីស៊ីលផ្លោងកាលពីឆ្នាំមុន។

សកម្មភាពនេះគ្រាន់តែជា «ការផ្តល់យោបល់ និងដាស់តឿន ប៉ុន្តែមិនប្រាកដថា នឹងជាការត្រៀមរៀបចំសម្រាប់សាកល្បងគ្រាប់មីស៊ីល ផាក់ហ្គូកសុង-៣ (Pukguksong-3) ដែលនឹងបាញ់ចេញពីនាវាមុជទឹកនោះឡើយ»។ នេះបើតាមការសង្កត់ធ្ងន់ពី CSIS។

ប្រទេសកូរ៉េខាងជើងកាលពីខែតុលា ឆ្នាំ២០១៩ ធ្លាប់បានប្រកាសថា ខ្លួនបានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង Pukguksong-3 ជាគ្រាប់មីស៊ីលប្រភេទថ្មី SLBM ដែលអាចបាញ់ចេញពីក្នុងសមុទ្រ និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ។

គួរបញ្ជាក់ សកម្មភាពនៅទីតាំងផលិតនាវា Sinpo នេះបានកើតឡើង ខណៈដែលមានសញ្ញាបង្ហាញថា ប្រទេសកូរ៉េខាងជើងអាចនឹងត្រៀម សម្រាប់ព្យុហយាត្រាយោធាដ៏ធំមួយ នៅក្នុងខែតុលាខាងមុខនេះ ដោយក្រុមអ្នកវិភាគមួយចំនួនជឿជាក់ថា វាជាឱកាសដែលអាចត្រូវបានប្រើប្រាស់ ដើម្បីបង្ហាញគ្រាប់មីស៊ីលប្រភេទថ្មី ដូចដែលប្រទេសនេះបានធ្វើកាលពីឆ្នាំមុនៗ៕