(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនដល់ ៣,៩៣៦,៧៤៧ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៨៣,៣៤១ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ១,០៩៦នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៥ម៉ោងកន្លងទៅដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦៨,៤៧២នាក់។ ករណីឆ្លងនេះ គឺខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ និងជាការបំបែកកំណត់ត្រាថ្មី ពីរថ្ងៃជាប់ៗគ្នា។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌានៅមានអ្នកជំងឺ COVID-19 សរុបជាង ៨៣១,០០០នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទស ខណៈអ្នកជំងឺជាង ៣,០៣៧,០០០នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលបានការព្យាបាលជោគជ័យ។ បើពិនិត្យទៅលើសន្ទុះនៃការឆ្លង ខាងលើនេះ ឥណ្ឌាអាចនឹងវ៉ាដាច់ប្រទេសប្រេស៊ីល ក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់លេខ ២ លើលោកដោយសារ COVID-19 នៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕