(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងថា អ្នកជំងឺ COVID-19 ម្នាក់ទៀតហើយបានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ០៧នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានគូសបញ្ជាក់យ៉ាងដូចច្នេះថា «ស្ត្រីអាយុ ៤៦ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់ មកពីសង្កាត់ថាន់លីយីន (Thanlyin) នៃទីក្រុងរ៉ង់ហ្គូន (Yangon) ត្រូវបានបញ្ជាក់ថា ឆ្លង COVID-19 កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយក៏បានស្លាប់ដោយសារជំងឺផ្នែកតម្រងនោម នាដំណាក់កាលចុងក្រោយ បូកថែមជំងឺខ្សោយបេះដូងផង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញដូចគ្នា»។

គួរបញ្ជាក់ខាង ខាងលើនេះគឺជារបាយការណ៍ ស្តីពីអ្នកស្លាប់ដំបូងបំផុត គិតចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីការស្លាប់ដោយសារ COVID-19 ជាលើកចុងក្រោយតាំងតែពីថ្ងៃទី២៩ ខែមេសាមកម្ល៉េះ។ រហូតមកទល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១៣៣ករណី ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ ខណៈចំនួនអ្នកជាសះស្បើយ មិនទាន់មានទិន្នន័យច្បាស់លាស់ឡើយ៕