(បាងកក)៖ សកម្មជនថៃដ៏មានឥទ្ធិពលពីររូប ដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងការដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល លោក បា្រយុទ្ធ ចាន់អូចា អាចនឹងត្រូវជាប់ឃុំក្នុងពន្ធនាគារ បន្ទាប់ពីតុលាការលុបចោលការអនុញ្ញាឱ្យពួកគេនៅក្រៅឃុំ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

លោក អានុន ណាំប៉ា (Anon Nampa) និងលោក ប៉ានូពុង ចាដនុក (Panupong Jadnok) ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីខែសីហាកន្លងទៅ ពាក់ ព័ន្ធនឹងបាតុកម្មតវ៉ាក្នុងទីក្រុងបាងកក ដើម្បីអំពាវនាវឱ្យមានការធ្វើកំណែទម្រង់នយោបាយ និងរដ្ឋធម្មនុញ្ញ ព្រមទាំងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។

សកម្មជនថៃទាំង២នាក់នេះ រួមទាំងមនុស្ស៩នាក់ទៀត ក៏ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពបះបោរប្រឆាំងរដ្ឋអំណាច និងបំពានលើវិធានការ ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ផងដែរ។ ចំណែកឯ ការសម្រេចចិត្តលុបចោលការអនុញ្ញាត ឱ្យលោក ណាំប៉ា និងលោក ចាដនុក នៅក្រៅឃុំ គឺ ដោយសារតែអាជ្ញាធររកឃើញថាអ្នកទាំង២ បានបំពានលើលក្ខខណ្ឌអនុញ្ញាតឱ្យនៅក្រៅឃុំ ដោយបានចូលរួមក្នុងបាតុកម្មតវ៉ាជាថ្មីជាបន្តបន្ទាប់៕