(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើ ករណីឆ្លងក្នុងស្រុកនៃជំងឺ COVID-19 ជាលើកដំបូង ក្នុងរយៈពេលជាង ១០០ថ្ងៃមកនេះ បន្ទាប់ពីអ្នកទោសម្នាក់ នៅឯពន្ធនាគារមួយកន្លែងក្នុងទីក្រុងបាងកក ត្រូវបានគេតេស្តឃើញថា មានផ្ទុកជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ នាយកដ្ឋានស្តារនីតិសម្បទាថៃបានគូសបញ្ជាក់ថា បុរសជាអ្នកទោសនោះមានអាយុ ៣៧ឆ្នាំ ដែលជាអតីតឌីជេក្លឹបរាត្រី ត្រូវបានគេតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 កាលពីថ្ងៃពុធម្សិលមិញ កំលុងពេលនៃការធ្វើតេស្តប្រចាំសប្តាហ៍ នៅក្នុងពន្ធនាគារ។ សេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់បន្ថែមថា បុរសដែលត្រូវបានគេចាប់បញ្ជូនចូលពន្ធនាគារ កាលពីថ្ងៃទី២៦ ខែសីហាថ្មីៗនេះ មិនធ្លាប់បានធ្វើដំណើរទៅក្រៅប្រទេស ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងករណីអ្នកជំងឺ ដែលគេស្គាល់នោះទេ។

ជុំវិញបញ្ហានេះដែរ អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោក ស៊ូវាន់ណាឆៃ វ៉ាត់តាណាយីងឆារឿនឆៃ (Suwannachai Wattanayingcharoenchai បានលើកឡើងដូច្នេះថា «ករណីនេះ វាបានបញ្ជាក់ថា អ្វីដែលយើងព្យាយាមក្រើនរំឭកម្តងហើយម្តងទៀតថា យើងមិនអាចរក្សាចំនួនករណីឆ្លងឲ្យនៅត្រឹមសូន្យបានទេ តែអ្វីដែលយើងអាចធ្វើបានគឹការរកឃើញករណីឆ្លង ឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលខ្លាំង»

គួរជម្រាបថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធម្សិលមិញ ទើបតែបានសម្តែងការអបអរសាទរចំពោះប្រទេសលោក ដែលសម្រេចបាន១០០ថ្ងៃ ដោយគ្មានករណីឆ្លងក្នុងស្រុក។ ករណីឆ្លងក្នុងស្រុកចុងក្រោយបង្អស់នៅក្នុងប្រទេសថៃ គឺនៅថ្ងៃទី២៤ ខែឧសភា កន្លងទៅ។ បច្ចុប្បន្ន ថៃមានករណីឆ្លងសរុប ៣,៤២៧នាក់ ក្នុងនោះ ៥៨នាក់ស្លាប់ និង ៣,២៧៧នាក់ជាសះស្បើយឡើងវិញ៕