(រ៉ង់ហ្គូន)៖ ក្រោមបទបញ្ជាថ្មីនៃរដ្ឋាភិបាលមីយ៉ាន់ម៉ា បានតម្រូវឲ្យអ្នកដំណើរទាំងអស់ត្រូវធ្វើតេស្តរក COVID-19 និងធ្វើចត្តាឡីស័កជាមុនសិន មុននឹងអនុញ្ញាតឲ្យចូលរដ្ឋធានីរបស់ខ្លួន បន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗ រាប់សិបនាក់បន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

បើតាមបទបញ្ជាថ្មីរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញហ្វេសប៊ុក បានបញ្ជាក់យ៉ាងដូចច្នេះថា អ្នកទាំងឡាយណាដែលមកពី «តំបន់រងគ្រោះខ្លាំងជាងគេដោយសារ COVID-19» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានបំណងចូលមកកាន់រដ្ឋធានីណៃពិដោ (Naypyidaw) នឹងតម្រូវឲ្យធ្វើចត្ដាឡីស័ក យ៉ាងហោចណាស់រយៈពេល ០៧ថ្ងៃ ខណៈអ្នកដែលមកពីតំបន់ផ្សេងៗទៀត នឹងត្រូវបានអនុញ្ញាតឱ្យចូលមុន ប្រសិនបើពួកគេធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន។

គួរបញ្ជាក់ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុកជាលើកដំបូងនៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) ភាគខាងលិច កាលពីពាក់កណ្ដាលខែសីហា កន្លងទៅនេះប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក ចំនួនករណីឆ្លងបានកើនឡើងទ្វេដងដល់ ១,០៥៩ករណីហើយ ក្នុងនោះស្លាប់ ០៦នាក់ និងជាសះស្បើយវិញ ៣៥៩នាក់៕