(តៃប៉ិ)៖ អ្នកនយោបាយជាន់ខ្ពស់កោះតៃវ៉ាន់ម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានហៅការគំរាមកំហែងរបស់ចិនថាមាន «ចរិតដូចពួកអ្នកលេង» ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋឆែក មកកាន់កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០។

ចិន ដែលអះអាងថាកោះតៃវ៉ាន់ គឺជាដែនអធិបតេយ្យភាពរបស់ខ្លួន បានថ្កោលទោសប្រធានព្រឹទ្ធសភាឆែក លោក Milos Vystrcil ចំពោះដំណើរទស្សនកិច្ចនេះ។ កាលពីដើម សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ក៏បានព្រមានថា សាធារណរដ្ឋឆែក នឹងប្រឈមុខនឹងការខាតបង់ធ្ងន់ធ្ងរ សម្រាប់ការបំពេញដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់។

លោក Vystrcil ជាមនុស្សដែលមានទំនោរស្អប់ទ្រឹស្តីកុម្មយនីយចិន បានប្រកាសថាខ្លួនលោក គឺជាប្រៀបដូចជាពលរដ្ឋតៃវ៉ាន់ នៅក្នុងសុន្ទរកថា នៅឯសភាតៃវ៉ាន់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នៅក្នុងឱកាសនោះដែរ ប្រធានសភាតៃវ៉ាន់ លោក You Si-kun បានសម្តែងការគាំទ្រ និងបានកោតសរសើរសុន្ទរកថារបស់លោក។ លោក Vystrcil ក៏បានអញ្ជើញលោក You Si-kun ឲ្យដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប្រាក (Prague) និងបានច្រានចោលការរិះគន់របស់ចិនទៀតផង។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោតៃវ៉ាន់ នោះទេ។ ប្រទេសចិន ទាមទារឲ្យប្រទេសទាំងឡាយណា ដែលខ្លួនមានទំនាក់ទំនង ជាមួយខ្លួន ត្រូវតែទទួលស្គាល់គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ហើយកោះតៃវ៉ាន់គឺជាដែនកម្មសិទ្ធិរបស់ចិន៕