(សេអ៊ូល)៖ ទាហានអាមេរិក ៧ នាក់បន្ថែមទៀត ប្រចាំប្រទេសកូរ៉េខាងត្បូង បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ដែលបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញ ការកើនឡើងនៃករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កងកម្លាំងយោធាអាមេរិក ប្រចាំមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង ដែលហៅកាត់ថា USFK បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖« សមាជិកសេវាកម្ម នៃ USFK ចំនួន០៧នាក់ ត្រូវបានបញ្ជាក់ថាឆ្លង COVID-19 បន្ទាប់ពីពួកគេបានមកដល់កូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី១៥-២៩ ខែសីហាកន្លងទៅនេះ»។ យោធាអាមេរិក ៣នាក់ បានមកដល់មូលដ្ឋានទ័ពអាកាសអូសាន (Osan Air Base) នៅចន្លោះថ្ងៃទី១៧, ១៩ និង ២៨ ខែសីហា តាមជើងហោះហើរដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលអាមេរិក និង០៤នាក់ទៀត បានមកដល់អាកាសយានដ្ឋានអន្តរជាតិ អ៉ីនឈ័ន (Incheon) នៅចន្លោះថ្ងៃទី១៥, ១៧, ២៨ និង២៩ ខែសីហា តាមជើងហោះហើរពាណិជ្ជកម្ម។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រហូតមកទល់ពេលនេះ តួលេខសរុបនៃទាហានអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានឆ្លង COVID-19 កើនដល់ ១៧៥នាក់ ហើយ។ ព័ត៌មាននេះបានកើតឡើង ចំពេលកូរ៉េខាងត្បូង កំពុងមានកង្វល់យ៉ាងខ្លាំង ជុំវិញការកើនឡើងវិញនៃករណីឆ្លងក្នុងស្រុក។ ថ្មីៗនេះ កូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លង ថ្មីៗ ១៩៥ បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

គួរបញ្ជាក់ថា USFK បានបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ការឆ្លង COVID-19 នៅក្នុងចំណោមសមាជិកសេវាកម្មរបស់ខ្លួន។ បច្ចុប្បន្ននេះ កូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងសរុបកើនដល់ ២០,៦៤៤នាក់ ក្នុងនោះ ៣២៩នាក់បានស្លាប់ និង១៥,៥២៩ នាក់បានជាសះស្បើយឡើងវិញ៕