(វ៉ាស៊ីនតោន)៖ ស្ថានទូតចិនប្រចាំ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ការប្រកាសពីវិធានការរឹតត្បិត លើបណ្តាមន្ត្រីទូតចិននៅក្នុងទឹកដីសហរដ្ឋអាមេរិក គឺជារឿងដ៏អយុត្តិធម៌ និងចង់ឱ្យការសម្រេចចិត្តបែបនេះ ត្រូវលុបចោលវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតចិនបានគូសបញ្ជាក់ដូច្នេះថា «ដោយសំអាងលើលេសចាត់វិធានការវាយបក, សហរដ្ឋអាមេរិកជាថ្មីម្ដងទៀត បានដាក់ការរឹតត្បិតដ៏អយុត្តិធម៌ និងបង្កឧបសគ្គដល់មន្ត្រីទូត និងបុគ្គលិកស្ថានកុងស៊ុលចិន កាលពីថ្ងៃទី០២ ខែកញ្ញា (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះគឺជាទង្វើបំពានលើ អនុសញ្ញាទីក្រុងវីយ្យែន ស្ដីអំពីទំនាក់ទំនងការទូត និងសន្ធិសញ្ញាទីក្រុងវីយ្យែន ស្ដីពីទំនាក់ទំនងស្ថានកុងស៊ុល។ ចិនជំទាស់ជាដាច់ខាត ចំពោះការសម្រេចចិត្តបែបនេះ ហើយជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលវិញជាបន្ទាន់»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ចាប់ពីពេលនេះតទៅ ខ្លួននឹងតម្រូវឱ្យមន្ត្រីទូតជាន់ខ្ពស់ចិន ស្នើសុំការអនុញ្ញាតពីក្រសួងការបរទេសអាមេរិក ជាមុនសិន មុននឹងចង់បំពេញទស្សនកិច្ច ទៅកាន់សាកលវិទ្យាល័យអាមេរិកនានា ឬក៏រៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលមានមនុស្សច្រើនជាង ៥០នាក់ចូលរួម។

ការសម្រេចចិត្តខាងលើ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នាឱកាសធ្វើសន្និសីទសារព័ត៌មានខ្លីមួយ និងជាការឆ្លើយចំពោះទីក្រុងប៉េកាំង ដែលបានដាក់វិធានការរឹតត្បិតជាច្រើន លើមន្ត្រីទូតអាមេរិកនៅក្នុងប្រទេសចិន ព្រមទាំងជាផ្នែកមួយនៃ យុទ្ធនាការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឆាំងនឹងឥទ្ធិពល និងការស៊ើបការណ៍សម្ងាត់របស់ចិន។

លោក ប៉ុមប៉េអូ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងការបរទេសអាមេរិក ក៏នឹងចាត់វិធានការអមដោយសកម្មភាពផងដែរ ដើម្បីធានាឱ្យបានថា គណនីបណ្ដាញទំនាក់ទំនងសង្គមនៃរាល់មន្ត្រីស្ថានទូត និងស្ថានកុងស៊ុលចិនទាំងអស់ គឺជាគណនីពិតប្រាកដ៕