(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលត្រូវបានចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ជាង ៣,៨៥៣,៤០០ករណីហើយ។ នេះបើតាមការចេញផ្សាយ​​ដោយសារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៨៣,៨៨៣ករណីបន្ថែមទៀត ដែលជាករណីកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងប្រទេសអាស៊ីមួយនេះ ខណៈអ្នកស្លាប់ថ្មីៗចំនួន ១,០៤៣នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦៧,៣៧៦នាក់។

បើគិតពីសន្ទុះនៃការឆ្លងខាងលើនេះ ឥណ្ឌានឹងវ៉ាដាច់ប្រទេសប្រេស៊ីល ក្លាយជាប្រទេសមានករណីឆ្លង COVID-19 លំដាប់លេខ ២ លើលោក ក្នុងពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខណៈអាមេរិកកំពុងឈរលេខ ១ យ៉ាងរឹងមាំ។ បច្ចុប្បន្ននេះនៅមានអ្នកជំងឺ COVID-19 សរុប ៨១៥,៥៣៨នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកជំងឺ ២,៩៧០,៤៩២នាក់ត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា ហៅកាត់ ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួនជាង ៤៥.៥លាននៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួនជាង ១.១៧លាននាក់ ត្រូវបានធ្វើតេស្តតែក្នុងមួយថ្ងៃពុធប៉ុណ្ណោះ។ នេះជាលើកទី ៥ ហើយដែលប្រទេសឥណ្ឌា បានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ១លាននាក់ក្នុងមួយថ្ងៃ៕