(ប៊ែរឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ បានអះអាងថាមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី និងជាអ្នករិះគន់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ឥតសម្ចៃមាត់ គឺលោក អាឡិចហ្សី ណាវ៉ាល់នី (Alexey Navalny) ត្រូវបានគេព្យាយាមបំពុលសម្លាប់ ដោយប្រើសារធាតុគីមីពុលដ៏សាហាវម្យ៉ាង ឬគេស្គាល់ថាភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទ «Novichok»។ បច្ចុប្បន្ន លោក ណាវ៉ាល់នី កំពុងសម្រាកព្យាបាលក្រោមស្ថានភាពនឹងនរ នៅឯមនី្ទរពេទ្យក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់់។

មូលហេតុ និងអ្នកនៅពីក្រោយការប៉ុនប៉ងផ្ដាច់ជីវិត មេបក្សប្រឆាំងរុស្ស៊ីរូបនេះ នៅតែបន្តស្ថិតនៅក្នុងការសង្ស័យនៅឡើយ ខណៈបណ្ដាប្រទេសអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ និងអង់គ្លេស បានទាមទារចម្លើយ និងការបកស្រាយឱ្យបានច្បាស់ពីរដ្ឋាភិបាលរុស្ស៊ី។

* តើរដ្ឋាភិបាលអាលឺ្លម៉ង់ និយាយអ្វីខ្លះ?

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ស្ទេហ្វហ្វិន សៃបឺត (Steffen Seibert) បានប្រកាសថាការធ្វើតេស្ដរកសារធាតុ ពុលលើសំណាករបស់លោក ណាវ៉ាល់នី ដែលធ្វើឡើងនៅឯមន្ទីរពិសោធន៍យោធាអាល្លឺម៉ង់ បានបង្ហាញយ៉ាងច្បាស់ថា មេបក្សប្រឆាំងរូបនេះត្រូវបានគេបំពុលដោយ ប្រើប្រាស់សារធាតុគីមីពុល «Novichok»។ ពោលគឺជាសារធាតុពុលតែមួយ ដែលវិមានក្រឹមឡាំង ត្រូវបានគេចោទថាបានប្រើវាដើម្បីព្យាយាមបំពុលសម្លាប់អតីតទីភ្នាក់ងារ ស៊ើបការណ៍សំងាត់រុស្ស៊ីម្នាក់ និងកូនស្រី នៅក្នុងចក្រភពអង់គ្លេស កាលពីខែមីនា ឆ្នាំ២០១៨។

ក្រោយការប្រកាសនេះដែរ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានថ្កោលទោសយ៉ាងខ្លាំង និងចាត់ទុកថាលោក ណាវ៉ាល់នី ជាជនរងគ្រោះនៃអំពើឧក្រិដ្ឋ ហើយមានសំនួរដ៏លំបាកជាច្រើន ដែលមានតែរដ្ឋាភិបាលរុស្ស៊ីតែមួយគត់ ទើបអាច និងត្រូវតែផ្ដល់ចម្លើយ។​ លោកស្រី បន្ថែមថាប្រទេសអឺរ៉ុបជាដៃគូ និងសមាជិកអង្គការ NATO ក៏ត្រូវបានជូនដំណឹងពីលទ្ធផលនៃការធ្វើតេស្ដផងដែរ រីឯការសម្រេចចិត្តរួម ក៏ដូចជាការចាត់វិធានការឆ្លើយតប នឹងត្រូវធ្វើឡើងដោយផ្អែកលើចម្លើយតបរបស់រុស្ស៊ី។

ក្រៅពីលោកស្រី មឺគែល មេដឹកនាំពិភពលោកជាច្រើនរូបទៀត ក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានចេញមុខថ្កោលទោសយ៉ាងខ្លាំង និងស្នើសុំការបកស្រាយពីរដ្ឋាភិបាលរុស្ស៊ី នៅឡើយតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ ចំពេលលោកកំពុងប្រឈមមុខនឹងការរិះគន់ថាមាននយោបាយទន់ភ្លន់ចំពោះទីក្រុងម៉ូស្គូ។

* តើមានអ្វីកើតឡើងលើលោក ណាវ៉ាល់នី?

លោក អាឡិចហ្សី ណាវ៉ាល់នី (Alexey Navalny) មានអាយុ៤៤ឆ្នាំ បានធ្លាក់ខ្លួនឈឺសន្លប់បាត់បង់ស្មារតី នៅលើជើងហោះហើរមួយចាកចេញពីទីក្រុង ថុមស្ក៍ (Tomsk) នៃតំបន់ស៊ីបេរី ទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅ។ ក្រុមមនុស្សជំនិតរបស់លោកសង្ស័យថា មានអ្នកលួចដាក់ថ្នាំពុលនៅក្នុងពែងតែរបស់លោក ណាវ៉ាល់នី នៅឯអាកាសយានដ្នានថុមស្ក៍ (Tomsk) ហើយនៅពេលនោះដែរជើងហោះហើរដឹកមេបក្សប្រឆាំងរូបនេះ បានបង្វែរគោលដៅហោះហើរទៅកាន់ទីក្រុង អុមស្ក៍ (Omsk) ជាទី ដែលក្រុមគ្រូពេទ្យរុស្ស៊ីបានសង្រ្គោះ និងព្យាបាលរូបលោក រយៈពេលបីថ្ងៃ មុននឹងត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ក្រោយហេតុការណ៍នេះកើតឡើង ក្រុមអ្នកប្រឆាំងបានចោទប្រកាន់ត្រង់ៗថាលោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកបញ្ជាឱ្យគេលួចបំពុលព្យាយាមផ្ដាច់ជីវិត លោក Navalny។ ក៏ប៉ុន្តែ វិមានក្រឹមឡាំង បានទាត់ចោលការចោទប្រកាន់នេះ ហើយគ្រូពេទ្យរុស្ស៊ីដែលបានព្យាបាល លោក ណាវ៉ាល់នី នៅក្នុងតំបន់ស៊ីបេរី ក៏បានច្រានចោលផងដែរនូវលទ្ធផលធ្វើតេស្ដ របស់មន្ទីរពិសោធន៍យោធាអាល្លឺម៉ង់ ដោយបញ្ជាក់ថាការធ្វើតេស្ដរកសារធាតុពុលរបស់ពួកគេចេញលទ្ធផល «អវិជ្ជមាន»។

* ណូវីឈុក (Novichok) គឺជាអ្វី?

Novichok មានន័យជាភាសារុស្ស៊ីថា «អ្នកចំណូលថ្មី» គឺជាសារធាតុគីមីពុលម្យ៉ាង ឬគេស្គាល់ថាភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទ ផលិតឡើងដោយអតីតសហភាពសូវៀត កំឡុង ទសវត្សរឆ្នាំ១៩៧០ និង១៩៨០។ Novichok មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទដទៃទៀតដែរ ដោយវាអាចបញ្ឈប់ការបញ្ជាពីខួរក្បាល ទៅសាច់ដុំ និងអាចធ្វើឱ្យមុខងារនៃសរីរាង្គជាច្រើនលែងដំណើរការ។ សារធាតុគីមីពុលដ៏សាហាវនេះ ដែលបញ្ចេញប្រសិទ្ធភាពក្នុងរយៈពេលពី ៣០វិនាទី ដល់២នាទី ជាធម្មតា មានលក្ខណៈរាវ ហើយពេលខ្លះវាក៏ត្រូវបានគេធ្វើឱ្យរឹង ដើម្បីបំប្លែងទៅជាម្សៅ។

* តើនរណាខ្លះធ្លាប់ត្រូវបានបំពុល?

ក្រៅពីលោក ណាវ៉ាល់នី អតីតទីភ្នាក់ស៊ើបការណ៍សំងាត់រុស្ស៊ី លោក ស៊ែរហ្គី ស្រី្គប៉ាល់ (Sergei Skripal) និងកូនស្រីរបស់លោក យូលៀ (Yulia) ត្រូវបានគេបំពុលដោយ អាវុធគីមី Novichok នៅទីក្រុងសាលីស្បឺរី (Salisbury) នៃចក្រភអង់គ្លេស កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ ។ តែត្រូវបានសង្រ្គោះទាន់ពេល។ ក្នុងឆ្នាំ២០០៦ លោក អាឡិចហ្សាន់ឌ័រ លីតវីនកូ (Alexander Litvinenko) ជាអតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ីម្នាក់ ដែលក្រោយមកបានក្លាយជាអ្នករិះគន់វិមានក្រឹមឡាំង និងរត់គេចខ្លួន ទៅចក្រភពអង់គ្លេស បានស្លាប់ បន្ទាប់ពីលោកផឹកតែ ដែលត្រូវបានគេលួចដាក់សារធាតុវិទ្យាសកម្មផ្លុយតូញ៉ូម-២១០ (polonium-210)។

អ្នកសារព័ត៌មាន និងជាសកម្មជនប្រឆាំងម្នាក់ទៀត គឺលោក Vladimir Kara-Murza ត្រូវគេសង្ស័យថា ត្រូវបានទីភ្នាក់ងារចារកម្មរុស្ស៊ីលួចបំពុលចំនួន២លើកដែរ។ លោកស្ទើតែ បាត់បង់ជីវិត បន្ទាប់ពីគ្រលៀនរបស់លោកលែងដំណើរការកាលពីឆ្នាំ២០១៥ ហើយ ២ឆ្នាំក្រោយមក លោកបានសន្លប់បាត់បង់ស្មារតីអស់ ២សប្ដាហ៍។ បន្ថែមពីលើនេះ អ្នករិះគន់វិមានក្រឹមឡាំង គឺលោក ពីយ៉ូត វែរហ្ស៊ីឡូវ (Pyotr Verzilov) ក៏ធ្លាប់បានចោទប្រកាន់ថាទីភ្នាក់ងារចារកម្មរុស្ស៊ីបានព្យាយាមបំពុលសម្លាប់រូបលោកផងដែរ កាលពី ឆ្នាំ២០១៨ ជាពេលដែលលោកធ្លាក់ខ្លួនឈឺ ក្រោយចូលរួមក្នុងសវនាការមួយ ដោយធ្វើឱ្យលោកមើលលែងឃើញ និងមិនអាចនិយាយបាន៕

ប្រភព៖ CNN, BBC