(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានប្រកាសគោលជំហរច្បាស់ៗ របស់រដ្ឋបាលលោកថា សហរដ្ឋអាមេរិកនឹងមិនចូលកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នៅក្នុងការអភិវឌ្ឍ, ផលិត និងចែកចាយវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ប្រកបដោយសមធម៌ នៅទូទាំងពិភពលោកនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរបាយការណ៍ចុងក្រោយពី WHO ប្រទេសជាង ១៧០ហើយបាននិងកំពុងដាក់ពាក្យ ចូលរួមក្នុងកម្មវិធីអភិវឌ្ឍ និងចែកចាយវ៉ាក់សាំងរបស់អង្គការមួយនេះ ដែលមានឈ្មោះថា ខូវ៉ាក់ (COVAX)។ កម្មវិធី COVAX គឺជាគំនិតផ្តួចផ្តើមថ្នាក់អន្តរជាតិ ដើម្បីធានាឲ្យបានថា គ្រប់ប្រទេសជាសមាជិកទាំងអស់ នឹងទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងស្មើភាពគ្នា។

ទោះជាបែបនេះក្តី រដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលបានសម្រេចផ្អាកជំនួយរបស់ខ្លួនទៅ WHO កាលពីខែមេសាទៅហើយនោះ នៅតែរក្សាជំហររបស់ខ្លួនដដែលថា មិនចូលរួមគ្រប់យុទ្ធនាការ ដែលអង្គការនេះជាអ្នកដឹកនាំ ហើយក៏បន្តចោទប្រកាន់ទៀតថា WHO គឺជាអាយ៉ងរបស់ប្រទេសចិន។

គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន ក៏ធ្លាប់បានប្រកាស​កាលពីដើមសប្តាហ៍នេះផងដែរថា ទោះបីជាអាមេរិក​មិនអាចសម្រេចបានការផលិតវ៉ាក់សាំង COVID-19 នៅពេលខាងមុខ ក៏ខ្លួនអាចបបញ្ជាពីបណ្តាប្រទេសសម្ព័ន្ធមិត្តបានដែរ តាមរយៈកិច្ចព្រមព្រៀង​ដែលត្រូវបានធ្វើឡើងរួចទៅហើយ និងនៅពេលអនាគតបន្ថែមទៀត៕