(ប៊ូសាន)៖ មនុស្សម្នាក់បានស្លាប់ និងមនុស្សច្រើនជាង ២,០០០នាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈដែលព្យុះទីហ្វុងម៉ៃសាក់ (Maysak) បានបោកបក់ឆ្លងកាត់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ព្យុះទីហ្វុងម៉ៃសាក់ (Maysak) ដែលយកឈ្មោះតាមដើមឈើមួយប្រភេទ នៅប្រទេសកម្ពុជា បានវាយប្រហារខេត្តអូគីណាវ៉ា ប្រទេសជប៉ុន កាលពីដើមសប្តាហ៍នេះ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ វាបានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងនៃទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
អាជ្ញាធរកូរ៉េខាងត្បូងបានជម្លៀសមនុស្សច្រើនជាង ២,២០០នាក់ ទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈដែលផ្ទះប្រមាណ ១២០,០០០ខ្នងបានដាច់ចរន្តអគ្គិសនីពេញមួយយប់ នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេស ក្នុងនោះរួមទាំងកោះជេជូ (Jeju) ផងដែរ។

ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឲ្យដឹងថា ព្យុះទីហ្វុងម៉ៃសាក់ (Maysak) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃឧបទ្វីបកូរ៉េ និងបន្តទៅកាន់ដែនសមុទ្រជប៉ុនដែលត្រូវគេស្គាល់ថា ជាសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានកំពុងរំកិលក្នុងល្បឿងរហូតដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះទីហ្វុងម៉ៃសាក់ (Maysak) ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារតំបន់ គីមឆាអេក (Kimchaek) ភាគខាងត្បូងនៃខេត្ត ហាំយ៉ុងខាងជើង (North Hamgyong) របស់កូរ៉េខាងជើង នៅវេលាម៉ោងប្រហែល ៣៖០០រសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ ប្រព័ន្ធសារព័ត៌មានរបស់កូរ៉េខាងជើងបានចេញផ្យាយ ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈដែលព្យុះនេះបាននាំមកនូវទឹកភ្លៀងខ្លាំង ដែលបានបង្កឲ្យជន់លិច នៅភាគខាងកើតនៃកំពង់ផែវ៉ុនសាន (Wonsan) ហើយចាប់ពីម៉ោង ៩៖០០យប់ ថ្ងៃទី០២ ដល់ម៉ោង ៦៖០០ល្ងាចថ្ងៃទី០៣ ខែកញ្ញា កម្រិតទឹកភ្លៀងនឹងមានរហូតដល់ ២០០មីលីម្រ៉ែត។

នៅចំពោះមុនបញ្ហានេះ សារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងវិញបានចេញផ្សាយអំពីឥទ្ធិពលដ៏អាក្រក់ នៃព្យុះទីហ្វុងម៉ៃសាក់ផងដែរ និងបានអះអាងថា ខ្លួនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការខូចខាត តាមដែលអាចធ្វើទៅរួច។ ម៉ៃសាក់គឺជាព្យុះទីហ្វុងទី ២ នៅក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដែលបានបោកបក់លើឧបទ្វីបកូរ៉េ៕