(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ចាប់ពីពេលនេះតទៅ ខ្លួននឹងតម្រូវឱ្យមន្ត្រីទូតជាន់ខ្ពស់ចិន ស្នើសុំការអនុញ្ញាតពី ក្រសួងការបរទេសអាមេរិកជាមុនសិន មុននឹងចង់បំពេញទស្សនកិច្ច ទៅកាន់សាកលវិទ្យាល័យអាមេរិកនានា ឬក៏រៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលមានមនុស្សច្រើនជាង ៥០នាក់ចូលរួម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ការសម្រេចចិត្តខាងលើ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នាឱកាសធ្វើសន្និសីទសារព័ត៌មានខ្លីមួយ និងជាការឆ្លើយចំពោះទីក្រុងប៉េកាំង ដែលបានដាក់វិធានការរឹតត្បិតជាច្រើន លើមន្ត្រីទូតអាមេរិកនៅក្នុងប្រទេសចិន ព្រមទាំងជាផ្នែកមួយនៃ យុទ្ធនាការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឆាំងនឹងឥទ្ធិពល និងការស៊ើបការណ៍សម្ងាត់របស់ចិន។

លោក ប៉ុមប៉េអូ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងការបរទេសអាមេរិក ក៏នឹងចាត់វិធានការអមដោយសកម្មភាពផងដែរ ដើម្បីធានាឱ្យបានថា គណនីបណ្ដាញទំនាក់ទំនងសង្គមនៃរាល់មន្ត្រីស្ថានទូត និងស្ថានកុងស៊ុលចិនទាំងអស់ គឺជាគណនីពិតប្រាកដ។

តែទោះជាយ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជាទង្វើអយុត្តិធម៌ និងបង្កឧបសគ្គដល់មន្ត្រីទូត និងស្ថានកុងស៊ុលចិន ដែលនេះគឺផ្ទុយទាំងស្រុង ទៅនឹងអ្វីដែលអាមេរិកខ្លួនឯងតែងតែអះអាងថា ជាអ្នកការពារសិទ្ធិសេរីភាព និងភាពបើកចំហ៕