(ប៉េកាំង)៖ ចិន បានចេញមុខមកថ្កោលទោសភ្លាមៗ ចំពោះរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃអង្គារ សប្តាហ៍នេះ(ម៉ោងនៅវ៉ាស៊ីនតោន) ជុំវិញការលើកឡើងថា ប្រទេសចិនបាន និងកំពុងព្យាយាមបង្កើនការផលិតនូវក្បាលគ្រាប់នុយក្លេអ៊ែរក្នុងចំនួនទ្វេដង ដើម្បីត្រៀមខ្លួន យកឈ្នះអាមេរិកលើបញ្ហាកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

របាយការណ៍សិក្សាប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ បាននិយាយថា យោធាចិនបានឈានដល់ចំណុចស្មើ ឬដើរហួសសហរដ្ឋអាមេរិក នៅក្នុងវិស័យសំខាន់ៗមួយចំនួន ខណៈកងទ័ពរំដោះប្រជាជនចិន មានគោលបំណងត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីយកឈ្នះរាល់ជម្លោះជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

របាយការណ៍ដដែលនេះ បានសង្កត់ធ្ងន់ទៀតថា៖ «ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ចិនអាចនឹងបង្កើនចំនួន ក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ទ្វេដង បន្ថែមពីលើក្បាលគ្រាប់ នុយក្លេអ៊ែរ ដែលមានស្រាប់ជាង ២៦០គ្រាប់»

ក្រសួងការពារជាតិចិន បានហៅរបាយការណ៍ខាងលើនេះថា «ខុសទាំងស្រង់» និងជាការបកស្រាយខុស នៃគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ចិន។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំងថែមទាំងបានបញ្ជាក់ដែរថា របាយការណ៍នេះ គឺជាឧទាហរណ៍ចុងក្រោយបង្អស់ នៃការលេងបន្លំរបស់សហរដ្ឋអាមេរិក ដើម្បីបិទបាំង អំពីការចំណាយយោធា ដ៏ច្រើនលើសលុបរបស់ខ្លួនតែប៉ុណ្ណោះ។

ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យការបរទេសចិន លោកស្រី Hua Chunying បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃពុធនេះថា «ប្រទេសចិនតែងតែអនុវត្តគោលនយោបាយការពារជាតិ ដែលមានលក្ខណៈការពារ ហើយអ្នករាល់គ្នាក៏ដឹងដែរថា ចិនគឺជាអ្នកកសាងសន្តិភាពពិភពលោក»