(ពិភពលោក)៖ នៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ របាយការណ៍ថ្មីរបស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ចិនបាននិងកំពុងព្យាយាមបង្កើន ការផលិតនូវក្បាលគ្រាប់នុយក្លេអ៊ែរក្នុងចំនួនទ្វេដង ដើម្បីស្តុកនៅក្នុងឃ្លាំងនុយក្លេអ៊ែររបស់ខ្លួន នៅរយៈពេល ១០ឆ្នាំខាងមុខ ខណៈយោធាចិនបានឈានដល់ចំណុចស្មើ ឬដើរហួសសហរដ្ឋអាមេរិក នៅក្នុងវិស័យសំខាន់ៗមួយចំនួន។

 

២៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសមីយ៉ាន់ម៉ាបានកើនដល់ ៩៣៨ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មី ១៩នាក់បន្ថែមទៀត ត្រូវបានរកឃើញ។

 

៣៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធនេះបានទៅដល់រដ្ឋធានីបាកដាដ នៃប្រទេសអ៉ីរ៉ាក់ហើយ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗអ៊ីរ៉ាក់ ជុំវិញទំនាក់ទំនងទ្វេភាគី ដើម្បីបង្ហាញសាមគ្គីភាពគ្នាជាមួយប្រទេស ដែលបានរងភាពខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ។

 

៤៖ រដ្ឋាភិបាលជប៉ុនត្រូវបានគេជឿជាក់ថា នឹងអាចផ្តល់វ៉ាក់សាំងប្រឆាំងវីរុស កូរ៉ូណា (COVID-19) ដល់ប្រជាជនខ្លួនទាំងអស់ជាង ១២៦លាននាក់ ដោយមិនគិតថ្លៃនោះឡើយ។

 

៥៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេច ផ្អាករាល់ជើងហោះហើររបស់ខ្លួនហើយ ខណៈព្យុះទីហ្វុងមួយដែលត្រូវបានចាត់ទុកថា ខ្លាំងក្លាបំផុតប្រចាំឆ្នាំ២០២០ កំពុងសំដៅមកវាយប្រហារឧបទ្វីបកូរ៉េទាំងមូល នៅក្នុងថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះតែម្តង។

 

៦៖ រូបភាពផ្កាយរណបបានបង្ហាញថា កងទ័ពកូរ៉េខាងជើង និងរថពាសដែកជាច្រើនគ្រឿង បាននិងកំពុងហ្វឹកហាត់ត្រៀមសម្រាប់ការធ្វើ ព្យុហយាត្រាយោធាទ្រងទ្រង់ធំមួយ បើទោះបីជាប្រទេសមួយនេះ កំពុងដាក់ចេញវិធានការរឹតត្បិតប្រឆាំង COVID-19 ក៏ដោយ៕