(រ៉ង់ហ្គូន)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសមីយ៉ាន់ម៉ាបានកើនដល់ ៩៣៨ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មី ១៩នាក់បន្ថែមទៀត ត្រូវបានរកឃើញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារពត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ ១២ករណីជាករណីក្នុងស្រុក និង៧ករណីជាករណីនាំចូល។ ក្នុងនោះទៀតសោត ១២ករណីត្រូវបានរកឃើញនៅតំបន់រ៉ង់ហ្គូន (Yangon) និង ០៧ករណីផ្សេងទៀត នៅតំបន់ម៉ាន់ដាឡៃ (Mandalay) និង តំបន់តានិនថារីយី (Tanintharyi) នៃរដ្ឋកាជីន (Kachin) និងរដ្ឋស្សាន (Shan)។

កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានប្រកាសដាក់ចេញនូវវិធានការ «ស្ថិតនៅផ្ទះ» នៅក្នុងក្រុងមួយចំនួននៃតំបន់ Yangon ផងដែរ រួមមានធីងហ្គាងយុន (Thingangyun), អ៉ីសេន (Isein), អូកកាលាប៉ាខាងជើង (North Okkalapa), ថាកេតា (Thaketa), លាំង (Hlaing), ប៉ាហ្ស៊ុនឌួង (Pazundaung), និងមិនហ្គាឡាដុន (Mingaladon) ដែលសុទ្ធសឹងតែជាកន្លែង ករណីឆ្លងតាមសហគមន៍ភាគច្រើន​ត្រូវបានរាយការណ៍។

គួរជម្រាបថា បច្ចុប្បន្ននេះ នៅមានអ្នកជំងឺ COVID-19 សរុបជាង ៥០០នាក់ទៀត ដែលកំពុងសម្រាកព្យាបាលបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអ្នកជំងឺ ៣៥៧នាក់ផ្សេងទៀតត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ០៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺឆ្លងរាតត្បាតសកលនេះ។

រហូតមកទល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ១៥៧,៨៤៣នាក់ ក្នុងនោះមនុស្សចំនួន ៧,៦២៤នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕