(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនត្រូវបានគេជឿជាក់ថា នឹងអាចផ្តល់វ៉ាក់សាំងប្រឆាំងវីរុស កូរ៉ូណា (COVID-19) ដល់ប្រជាជនខ្លួនទាំងអស់ជាង ១២៦លាននាក់ ដោយមិនគិតថ្លៃនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមប្រភពដែលស្និទ្ធនឹងបញ្ហាខាងលើនេះ ដោយសារតែរដ្ឋាភិបាលជប៉ុនបាន​មើលឃើញថា ជំងឺ COVID-19 អាចបង្ហាញរោគសញ្ញាច្បាស់ តែទៅលើអ្នកឆ្លងដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ហេតុដូច្នេះការចាក់វ៉ាក់សាំង ពិតជារឿងចាំបាច់បំផុត ដើម្បីធានាថាប្រជាជនអាចការពារខ្លួនបាន ទោះនៅក្នុងស្ថានភាពលំបាកក៏ដោយ។

នៅក្នុងកិច្ចប្រជុំសំខាន់មួយកាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានធានាថា រដ្ឋាភិបាលនឹងផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ ឲ្យបាននៅអំឡុង ០៦ខែដើមឆ្នាំ២០២១ ដែលជាគោលដៅអាទិភាព​សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសជាមុន។

គួរបញ្ជាក់ថា នៅដើមខែកញ្ញានេះតែម្តង រដ្ឋាភិបាលជប៉ុនបានព្រមព្រៀង ទិញវ៉ាក់សាំងប្រឆាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថ អាស្ត្រាហ្សេណេកា (AstraZeneca Plc) របស់ចក្រភពអង់គ្លេសចំនួន ១២០លានដូស (ដប) ដែលជាវ៉ាក់សាំងកំពុងស្ថិតក្នុងការអភិវឌ្ឍដោយ សាកលវិទ្យាល័យអុកស្វដ (Oxford)។ បន្ថែមពីនេះ ជប៉ុនក៏បានព្រមព្រៀងជាមួយក្រុមហ៊ុនអាល្លឺម៉ង់ ភីហ្វីសឺ (Pfizer Inc) និងក្រុមហ៊ុនជាដៃគូឈ្មោះ បាយអូអិនធិច (BioNTech SE) ដើម្បីទិញវ៉ាក់សាំង ១២០លានដូសផ្សេងទៀតផងដែរ៕