(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីពេលថ្មីៗនេះ បានប្រកាសឲ្យដឹងថា ពីការចាប់ផ្តើមផ្គុំដំឡើងយានអវកាសឈ្មោះថា លូស៊ី (Lucy) ដែលនឹងត្រូវចេញដំណើរនៅឆ្នាំក្រោយឆ្ពោះទៅកាន់ ក្រុមអាចម៍ផ្កាយអាថ៌កំបាំងម៉្យាងហៅថា ត្រូចេន (Trojan) ដែលនៅក្បែរភពព្រហស្បតិ៍ (Jupiter)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អង្គការ NASA បានប្រកាសថា បេសកកម្ម Lucy បានឆ្លងផុតពីដំណាក់កាលអភិវឌ្ឍន៍ មកដល់ដំណាក់កាលផ្គុំយានអវកាសហើយ។ បើតាម NASA ឧបករណ៍វិទ្យាសាស្រ្តនានា ត្រូវបានបញ្ចូលទៅក្នុងយានអវកាស និងធ្វើតេស្តរួចអស់ហើយ។ តួយាន Lucy នឹងត្រូវដឹកជញ្ជូនទៅកាន់ មជ្ឈមណ្ឌលអវកាសខេនណឺឌី (Kennedy) នៅរដ្ឋផ្លូរីដា ដើម្បីផ្គុំជាមួយក្បាលគ្រាប់រ៉ុក្កែតជាបន្តទៀត។

គួរជម្រាបថា នៅសល់ពេលជាង ១ឆ្នាំទៀតទើបបេសកកម្ម Lucy ចាកចេញពីផែនដី ដែលត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ហើយទម្រាំតែវាហោះទៅដល់អាចម៍ផ្កាយ Trojan ដែលជាគោលដៅទីមួយរបស់វា គឺនៅក្នុងខែមេសា ឆ្នាំ២០២៥ និងគោលដៅទីពីរនៅខែមីនា ឆ្នាំ២០៣៣ ឯណោះ។ ក្រុមថ្មអវកាស Trojan នេះត្រូវអ្នកវិទ្យាសាស្រ្តជឿថា មានផ្ទុកវត្តមានទឹកក្នុងទម្រង់ជាទឹកកក ដែលជាគន្លឹះដ៏សំខាន់មួយ នៅក្នុងការសិក្សាអំពីវត្តមានទឹក ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលវត្ថុធាតុដើមដ៏សំខាន់បំផុតនៃជីវិតទាំងឡាយ៕