(ម៉ូស្គូ)៖ យោធាអាមេរិកមកពី កងកម្លាំងកាំភ្លើងធំប្រចាំតំបន់អឺរ៉ុប បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅក្នុងប្រទេសអេស្ដូនី តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីធ្វើសមយុទ្ធយោធាជើងទឹក ក្នុងតំបន់សមុទ្រប៊ឺរីង (Bering Sea) ស្ថិតនៅក្បែររដ្ឋអាឡាស្កា (Alaska)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

សមយុទ្ធយោធាកងកម្លាំងកាំភ្លើងធំខាងលើ បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅឯតំបន់មូលដ្ឋានយោធា តាប៉ា (Tapa) នៃប្រទេសអេស្ដូនី ដែលស្ថិតនៅចំងាយប្រមាណ ១០៦គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី។ កាំភ្លើងធំដែលកងទ័ពអាមេរិក យកធ្វើតេស្ដគឺកាំភ្លើងធំម៉ាក M270A1 ដែលមានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែត ១២គ្រាប់ក្នុងពេលតែមួយ ហើយមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិកក៏បានចាត់ទុកថា នេះគ្រាន់តែជាការធ្វើសមយុទ្ធយោធាធម្មតាៗតែប៉ុណ្ណោះ។

ទោះជាបែបនេះក្តី ទីក្រុងម៉ូស្គូបានចោទថា នេះគឺជាសកម្មភាពបង្ករឿង និងបង្កភាពតានតឹងនៅក្នុងតំបន់ ព្រមទាំងជាការគំរាមកំហែងមួយ ដ្បិតសមយុទ្ធនេះធ្វើនៅក្បែរតំបន់ព្រំដែនរុស្ស៊ី។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន យន្ដហោះចម្បាំងរុស្ស៊ី ក៏បានហោះតាមប្រដេញយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-52 មួយគ្រឿងផងដែរ ដែលមន្ទីរបញ្ចកោណអះអាងថា បានធ្វើប្រតិបត្តិការហោះហើរ នៅក្នុងដែនអាកាសអន្តរជាតិ ពីលើតំបន់សមុទ្រខ្មៅ៕