(សេអ៊ូល)៖ រូបភាពផ្កាយរណបបានបង្ហាញថា កងទ័ពកូរ៉េខាងជើង និងរថពាសដែកជាច្រើនគ្រឿង បាននិងកំពុងហ្វឹកហាត់ត្រៀមសម្រាប់ការធ្វើ ព្យុហយាត្រាយោធាទ្រងទ្រង់ធំមួយ បើទោះបីជាប្រទេសមួយនេះ កំពុងដាក់ចេញវិធានការរឹតត្បិតប្រឆាំង COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរូបភាពផ្កាយរណបដែលត្រូវបានវិភាគដោយ វិទ្យាស្ថានឃ្លាំមើលសកម្មភាពកូរ៉េខាងជើង 38 North របស់សហរដ្ឋអាមេរិក ការហ្វឹកហាត់ត្រៀមសម្រាប់ការធ្វើ ព្យុហយាត្រាយោធាខាងលើ ត្រូវបានធ្វើឡើងនៅឯកន្លែងហ្វឹកហាត់ធ្វើព្យុយាត្រាយោធា ម៉ាយរីម (Mirim) ស្ថិតនៅជាយទីក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ 38 North បានបញ្ជាក់ទៀតថា កូរ៉េខាងជើងគ្រោងនឹងធ្វើព្យុហយាត្រាយោធា ទ្រង់ទ្រាយធំមួយនៅថ្ងៃទី១០ ខែតុលាខាងមុខនេះ ដើម្បីរំលឹកខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលកររបស់ខ្លួន។

គួរជម្រាបថា បើតាម 38 North ដោយសារតែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើង ទំនងជាបានសាងសង់យានដ្ឋានអចិន្រ្តៃយ៍ជាង១០០ នៅឯកន្លែង ហ្វឹកហាត់ធ្វើព្យុយាត្រាយោធា Mirim ទើបគេពិបាកអង្កេត និងតាមដានថាតើមានយានយន្ដ ឬបរិក្ខាយោធាអ្វីខ្លះដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើព្យុហយោធា៕