(តូក្យូ)៖ ប្រធានអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នៅថ្ងៃពុធនេះគ្រោងនឹងប្រកាសពីការចូលរួម ប្រជែងយកតំណែងជាមេដឹកនាំ គណបក្សសេរីប្រជាធិបតេយ្យ (LDP) និងតំណែងជានាយករដ្ឋមន្ត្រីជំនួសលោក អាបេ ស៊ីនហ្សូ ដែលបានប្រកាសថា នឹងលាលែងពីតំណែង ដោយសារបញ្ហាសុខភាពកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

លោក Suga មិនទាន់បានប្រកាសពីបំណងចូលរួម ប្រជែងយកតំណែងជា នាយករដ្ឋមន្ត្រីជប៉ុននៅឡើយទេ តែបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ប្រធានអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនរូបនេះ ក៏ចាប់អារម្មណ៍ចង់ក្លាយជានាយករដ្ឋមន្ត្រី និងមេដឹកនាំគណបក្ស LDP ផងដែរ ខណៈអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៊ីស៊ីបា ស៊ីហ្គឺរុ (Ishiba Shigeru) និងអតីតរដ្ឋមន្ត្រីការបរទេស លោក គីហ្ស៊ីដា ហ្វូមីអុ (Kishida Fumio) ត្រូវបានគេមើលឃើញថា ជាបេក្ខជនមានសក្ដានុពល ដែលអាចនឹងជំនួសលោក អាបេ។

គួរបញ្ជាក់ថា គណបក្ស LDP ក៏ត្រូវបានគេរំពឹងដែរថា នឹងប្រកាសពីការរៀបចំការបោះឆ្នោតមួយ នៅថ្ងៃទី១៤ ខែកញ្ញានេះ ហើយអ្នកដែលជាប់ឆ្នោត ក្លាយជាមេដឹកនាំគណបក្សកាន់អំណាចមួយនេះ អាចនឹងក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែគណបក្សនេះ មានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបជប៉ុន៕