(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសច្រានចោល ការព្រួយបារម្ភនានារបស់អង្គការសុខភាពពិភពលោក (WHO) ចំពោះការត្រៀមចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅសហរដ្ឋអាមេរិកក្នុងករណីបន្ទាន់ បើទោះបីជាមហាអំណាចមួយនេះ មិនទាន់ទទួលជោគជ័យ ក្នុងការធ្វើតេស្តវ៉ាក់សាំងនេះ ១០០% ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យសេតវិមានអាមេរិក លោក ហ្សាដ ឌា (Hudd Deere) បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងបន្តធ្វើទំនាក់ទំនង ជាមួយដៃគូអន្តរជាតិនានារបស់យើង ដើម្បីធានាចំពោះការប្រយុទ្ធនឹងវីរុសនេះ ប៉ុន្តែយើងនឹងមិនត្រូវបានរាំងស្ទះ ដោយក្រុមអង្គការពហុនិយមនានា ដែលត្រូវបានបង្គាប់បញ្ជាដោយ WHO និងប្រទេសចិននោះឡើយ»

អ្នកនាំពាក្យខាងលើនេះបានសង្កត់ធ្ងន់ទៀតថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងធានារ៉ាប់រងចំពោះការបញ្ចេញវ៉ាក់សាំង ដែលស្របតាមស្តង់ដារសុវត្ថិភាព និងប្រសិទ្ធភាព តាមរយៈការធ្វើតេស្តរួចរាល់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អង្គការ WHO បានចេញសារព្រមានមួយថា ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់ ទាមទារឱ្យមានការចិត្តទុកដាក់ យ៉ាងហ្មត់ចត់ជាទីបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែបានប្រកាសចង់ផ្តល់ការអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនក្នុងករណីបន្ទាន់ ខណៈដែលការធ្វើតេស្ត មិនទាន់បញ្ចប់ទៅស្រួលបួលនៅឡើយនោះ៕