(ម៉ានីល)៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន គឺលោក Harry Roque បានគូសបញ្ជាក់នៅថ្ងៃអង្គារនេះថា ហ្វីលីពីននឹងមិនបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិន ដែលត្រូវបានសហរដ្ឋអាមេរិក សម្រេចដាក់ក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មនោះទេ ដោយបានលើកឡើងថាខ្លួននឹងធ្វើអ្វីដែលជា ប្រយោជន៍ជាតិ មិនមែនសម្រាប់មហាអំណាចបរទេសណាមួយឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារនេះ លោក Harry Roque បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងមិនធ្វើតាមវិធានការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ដែលមានជាប់ពាក់ព័ន្ធក្នុងការកសាង និងសកម្មភាពនៅសមុទ្រចិនខាងត្បូងនោះទេ ដ្បិតថាហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់ជាតិ»។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖ «យើងមិនមែនជារដ្ឋចំណុះរបស់អំណាចបរទេសណាមួយឡើយ ហើយយើងនឹងស្វែងរកប្រយោជន៍ ជូនជាតិរបស់យើង»

គួរជម្រាបថា កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ សហរដ្ឋអាមេរិក បានសម្រេចដាក់បញ្ចូលក្រុមហ៊ុនចិនចំនួន២៤ ព្រមទាំងបុគ្គលជាច្រើនរូបទៀត ទៅក្នុងបញ្ជីខ្មៅនៃ ទណ្ឌកម្មដោយចោទថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការសង់មូលដ្ឋានយោធា និងសកម្មភាពយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ទោះជាយ៉ាងណា ទីក្រុងប៉េកាំង បានថ្កោលទោសចំពោះសេចក្តីសម្រេចខាងលើនេះ ដោយចាត់ទុកថា វាជាទង្វើមិនសមហេតុផល ហើយទីក្រុងវ៉ាស៊ីនតោន គួរតែកែតម្រូវវិញភ្លាមៗ៕