(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារនេះបានបង្ហាញថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៣,៦៩១,១៦៦ករណីហើយ។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៩,៩២១ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីចំនួន ៨១៩ករណីក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦៥,២៨៨នាក់។

គួរជម្រាបថា បច្ចុប្បន្ននេះនៅមានអ្នកជំងឺ COVID-19 សរុបជាង ៧៨៥,៩៩៦នាក់ទៀត ដែលកំពុងបន្តសម្រាកព្យាបាលក្នុងប្រទេសឥណ្ឌា ខណៈអ្នកជំងឺ ២,៨៣៩,៨៨២នាក់ត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌាហៅកាត់ ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៤៣,៣២៤,៨៣៤នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួន ១,០១៦,៩២០នាក់ ត្រូវបានធ្វើតេស្តតែក្នុងមួយថ្ងៃចន្ទម្សិលមិញប៉ុណ្ណោះ។ នេះជាលើកទី ៣ ហើយដែលប្រទេសឥណ្ឌា បានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ១លាននាក់ក្នុងមួយថ្ងៃ៕