(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រោះអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ថា ខាល់ហ្វាយអឺ (Cal Fire) នៅថ្ងៃចន្ទសប្ដាហ៍នេះបានរំពឹងថា ភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលមានឈ្មោះសម្គាល់ SCU Complex នឹងអាចគ្រប់គ្រងបានទាំងស្រុងនៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

ទីភ្នាក់ងារ Cal Fire បានរំពឹងទុកថា ភ្លើងឆេះព្រៃ SCU Complex ដែលបាននិងកំពុងឆាបឆេះលើផ្ទៃដី ១,៥៥០គីឡូម៉េត្រក្រឡា នឹងអាចស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យទាំងអស់ អាចគ្រប់គ្រងភ្លើងឆេះព្រៃបានប្រមាណជា ៦០ភាគរយ ខណៈអគារជាង ២ម៉ឺនខ្នង បន្តស្ថិតនៅក្រោមការគំរាមកំហែងនៅឡើយ។

ដោយឡែកភ្លើងឆេះព្រៃមួយចំនួនទៀតរួមមាន CZU បានពង្រីកខ្លួនដល់ជាង ៣៤០គីឡូម៉ែត្រក្រឡា ហើយក្រុមពន្លត់ទើបអាចគ្រប់គ្រងបានត្រឹម ៣៩ភាគរយប៉ុណ្ណោះ នៅក្នុងតំបន់សាន់ម៉ាធីអូ (San Mateo) និងសាន់តាគ្រូស (Santa Cruz) ហើយលំនៅឋានសរុបជាង ៨៦០ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងព្រៃ ដែលបានឆាបឆេះអស់រយៈពេលជាង ២សប្តាហ៍មកហើយនេះ។

ចំណែកភ្លើងឆេះព្រៃ LNU ដែលបានឆាបឆេះលើផ្ទៃដីជាង ១,៥០០គីឡូម៉ែត្រក្រឡា។ LNU ហាក់មិនសូវជាមានការរាលដាលខ្លាំងទេ និង ត្រូវក្រុមពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានការណ៍បាន ៦៣ភាគរយហើយ បន្ទាប់អគារជាង ១,២០០ខ្នង ត្រូវបានបំផ្លាញ ខណៈសំណង់ជាង ៥,០០០ខ្នងទៀត កំពុងស្ថិតនៅចំពោះមុខការគំរាមកំហែងដោយភ្លើងឆេះព្រៃនេះ។

គួរបញ្ជាក់ថា សម្រាប់ដើមសប្តាហ៍នេះតំបន់ជ្រោយសមុទ្រ សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco Bay Area) ត្រូវបានគេរំពឹងថា នឹងបន្តទទួលរងអាកាសធាតុ ពោរពេញដោយផ្សែងពុល ដែលបង្កឡើងដោយភ្លើងឆេះព្រៃខាងលើនេះដដែល៕