(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថា វិធានការរឹតត្បិតមួយផ្នែកនៅក្នុង និងតំបន់បរិវេណជុំវិញរដ្ឋធានីម៉ានីល (Metro Manila) នឹងត្រូវបានបន្តសុពលភាពរយៈពេលមួយខែទៀត ដោយចាប់ផ្ដើមនៅថ្ងៃទី០១ ខែកញ្ញានេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលនៅតែបន្តស្ថិតនៅក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

លោក ឌូតឺតេ បានប្រកាសពីការសម្រេចចិត្តខាងលើ កាលពីយប់ថ្ងៃចន្ទ នៅក្នុងសុន្ទរកថាមួយកញ្ចក់ទូរទស្សន៍ បន្ទាប់ពីក្រសួងសុខាភិបាលហ្វីលីពីន រាយការណ៍ពីការរកឃើញ COVID-19 ប្រចាំថ្ងៃ ៣,៤៤៦ករណីថ្មី និងស្លាប់ ៣៨នាក់ នាំឱ្យករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ២២០,៨១៩ករណី ក្នុងនោះអ្នកស្លាប់មាន ៣,៥៥៨នាក់។

រដ្ឋមន្ត្រីសុខាភិបាលហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ឌូក (Francisco Duque) បានបញ្ជាក់ថា តាមរយៈការរកឃើញករណីឆ្លងថ្មីនេះ ស្ថានភាព COVID-19 នៅតែបន្តស្ថិតនៅក្រោមស្ថានភាពគួរឱ្យព្រួយបារម្ភ ដែលចាំបាច់ឱ្យមានការបន្តបង្កើន និងពង្រឹងវិធានការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ។ បើតាមការប្រកាសរបស់លោក ឌូតឺតេ វិធានការរឹតត្បិតមួយផ្នែកនៅក្នុង និងនៅតាមតំបន់បរិវេណរដ្ឋធានីម៉ានីល នឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខ៕