(រីយ៉ាដ)៖ ព្រះចៅ សាល់ម៉ាន ប៊ិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ (Salman bin Abdulaziz Al Saud) នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបណ្ដេញសែរាជវង្សពីរអង្គចេញពីតំណែង ដោយសារតែការប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមប្រភពពី​ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត មេបញ្ជាការនៃកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយ៉េមែន គឺព្រះអង្គម្ចាស់ ហ្វាហាដ ប៊ិន តួគី ប៊ិន អាប់ឌុលអាហ្ស៊ីស (Fahad bin Turki bin Abdulaziz) និងអភិបាលរងនៃតំបន់ អាល់ហួហ្វ (Al-Jouf Region) ព្រះអង្គម្ចាស់ អាប់ឌុលអាហ្ស៊ី ប៊ិន ហា្វហាដ ប៊ិន តួគី ប៊ិន អាប់ឌុលអាហ្ស៊ីស (Abdulaziz bin Fahad bin Turki bin Abdulaziz) ត្រូវបានដកចេញតំណែង និងដាក់ឱ្យនៅក្រោមការស៊ើបអង្កេត ជុំវិញអំពើពុករលួយទាក់ទងនឹងក្រសួងការពារជាតិ។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត ដោយផ្អែកលើព្រះរាជ្យក្រឹត្យ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក៏បានឱ្យដឹងទៀតថា មន្ត្រីអារ៉ាប៊ីសាអូឌីតមួយចំនួនទៀត រួមទាំងមន្ត្រីស៊ីវិលនៃក្រសួងការពារជាតិ ត្រូវបានដាក់នៅក្រោមការស៊ើបអង្កេតដូចគ្នា។ អារ៉ាប៊ីសាអូឌីត បានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅទាំងស្ថាប័នរដ្ឋទាំងអស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានបង្កើតការិយាល័យឃ្លាំមើល ការចាយវាយរបស់ស្ថាប័នរដ្ឋ កាលពីដើមឆ្នាំ២០១៩ កន្លងទៅ៕