(ការ៉ាកាស)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅការ៉ាកាស់) បានលើកលែងទោសក្រុមមេដឹកនាំបក្សប្រឆាំងជាង ១០០នាក់ ដែលបានចូលរួមយុទ្ធនាការបង្ខំលោកឲ្យចុះចេញពីតំណែង។ ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើង នៅមុនការបោះឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្រ្តីទូរគមនាគមន៍ និងព័ត៌មានលោក ហ្សក រ៉ូឌ្រីហ្គែស (Jorge Rodriguez) បាននិយាយថា ការផ្លាស់ប្ដូរនេះមានគោលបំណង «លើកកម្ពស់ការរួមរស់ដោយសន្តិភាព និងការដោះស្រាយវិវាទ តាមរយៈច្បាប់ក្នុងរដ្ឋធម្មនុញ្ញ ការបោះឆ្នោត និងដោយសន្តិវិធី»

គួរបញ្ជាក់ថា ក្រុមអ្នកតំណាងរាស្ត្រសរុបចំនួន ២៧រូប ដែលមកពីគណបក្សនយោបាយផ្សេងៗគ្នា កំពុងស្ថិតនៅក្រោមនីតិវិធីច្បាប់ នៃការលើកលែងទោសនេះផងដែរ។ លោក Rodriguez បានគូសបញ្ជាក់ថា ការលើកលែងទោសនេះ តំណាងឲ្យការធានាអះអាង ចំពោះការចូលរួមរបស់គណបក្សទាំងអស់ នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ៕