(ហ្សេរុយសាឡឹម)៖ បាតុករអ៉ីស្រាអែលរាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មី នៅក្នុងទីក្រុងហ្សេសាឡឹម ដើម្បីទាមទារឱ្យលោក Benjamin Netanyahu ចុះចេញពីតំណែង ខណៈនាយករដ្ឋមន្ត្រីរូបនេះកំពុងប្រឈមមុខនឹងសវនាការជុំវិញសំណុំរឿងពុករលួយ និងការចោទប្រកាន់ពីបរាជ័យក្នុងការដោះស្រាយវិបត្តិ COVID-19។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន Times Of Israel នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្សប្រមាណ ២០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ នៅទីក្រុងហ្សេរុយសាឡឹម។ ប៉ុន្តែ ក្រុមអ្នករៀបចំបាតុកម្មតវ៉ា អះអាងថាមានមនុស្ស ៣៧,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា ហើយបាតុកម្មតវ៉ាក្នុងបុព្វហេតុទាមទារឱ្យលោក Netanyahu ចុះចេញពី តំណែងដូចគ្នានេះ ក៏កើតមានឡើងផងដែរ នៅតាមទីក្រុងមួយចំនួនទៀត ក្នុងប្រទេសអ៉ីស្រាអែល។

បាតុកម្មតវ៉ាក្នុងទីក្រុងហ្សេរុយសាឡឹម បានធ្វើឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ពោលគឺក្រុមបាតុករតែងតែប្រមូលផ្ដុំគ្នា នៅថ្ងៃចុងសប្ដាហ៍ ហើយនៅលើក នេះគឺមានអ្នកចូលរួមច្រើនជាងលើកមុនៗ។ ចំណែកឯ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសក៏បានកើតឡើងផងដែរ នៅក្បែរគេហដ្ឋាលោក Netanyahu ដោយ ប៉ូលិសបានសម្រេចចិត្តឃាត់ខ្លួនមនុស្ស១៦នាក់ ពីបទប្រើហិង្សាលើប៉ូលិស និងបង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ។

គួរជម្រាបថា ក្រៅតែពីត្រូវបានក្រុមបាតុករចោទថាបរាជ័យក្នុងការដោះស្រាយវិបត្តិ COVID-19 លោក Benjamin Netanyahu កំពុងប្រឈមមុខនឹងសវនាការជុំវិញ សំណុំរឿងពុករលួយ ក្លែងបន្លំ និងរំលោភលើសេចក្ដីទុកចិត្ត។ បាតុករជាច្រើន បាននិយាយថាលោក Netanyahu មិនសក្តិសមធ្វើជានាយករដ្ឋមន្ត្រីឡើយ កំឡុងពេល លោកត្រូវបានចោទប្រកាន់ពីបទល្មើសធ្ងន់ធ្ងរបែបនេះ៕