(តូក្យូ)៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច (LDP) លោក គីហ្ស៊ីដា ហ្វូមីអុ (Kishida Fumio) ដែលជាអ្នកមានឱកាស ក្នុងការឡើងធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោក អាបេ ស៊ីនហ្សូ នោះទើបតែបានចេញមុខ ណែនាំឲ្យមានការប្រុងប្រយ័ត្ន ចំពោះការកាត់បន្ថយពន្ធលក់ (sales tax) ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច បើទោះបីជាប្រទេសនេះ កំពុងរងគ្រោះធ្ងន់ដោយសារវិបត្តិ COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

លោក គីហ្ស៊ីដា ហ្វូមីអុ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ក្នុងស្រុកជប៉ុន នៅព្រឹកថ្ងៃចន្ទនេះតែម្តងថា «ពន្ធពីផ្នែកលក់ដូរ គឺជាប្រភពមួយនៃប្រាក់ចំណូល ដើម្បីចំណាយ ទៅលើបន្ទុកនៃកសាងសុខុមាលភាពសង្គម...។ ការកាត់បន្ថយអត្រាពន្ធ នឹងធ្វើឱ្យក្រុមហ៊ុនតូច និងមធ្យមកែប្រែប្រព័ន្ធទូទាត់ប្រាក់របស់ពួកគេ ដើម្បីសម្របខ្លួនទៅនឹងអត្រាពន្ធថ្មីនេះ»។

ក្នុងន័យនេះលោក គីហ្ស៊ីដា ហ្វូមីអុ បានសង្កត់ធ្ងន់ថា ប្រទេសនេះត្រូវចាត់វិធានការដោះស្រាយបញ្ហាសារពើពន្ធ និងរូបិយវត្ថុ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ខណៈតម្រូវការនានានឹងមិនអាច ស្ទុះងើបឡើងវិញខ្លាំងនោះឡើយ ដោយសារតែវិបត្តិ COVID-19 នៅតែបន្តអូសបន្លាយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅក្នុងប្រទេសជប៉ុនបានប្រកាសថា នឹងបោះឆ្នោតជ្រើសអ្នកបន្តវេនពី លោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីលោក អាបេ ផ្ទាល់បានប្រកាសជាផ្លូវការពីការសម្រេចចិត្តថា នឹងលាលែងចេញពីតំណែង ដោយសារបញ្ហាសុខភាព ហើយក្នុងនោះលោក គីហ្ស៊ីដា ហ្វូមីអុ ក៏ត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងចំណោមបេក្ខជនដ៏ស័ក្តិសមផងដែរ៕