(ញូវដេលី)៖ មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃជាប់គ្នា ដែលបង្កឲ្យមានស្ថានភាពដូចទឹកជំនន់ នៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។

សារព័ត៌មានស៊ីនហួរ បានគូសបញ្ជាក់ថា ព្យុះភ្លៀងបានវាយប្រហារផ្នែកជាច្រើននៃខេត្ត Madhya Pradesh ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដែលបានបង្កជាទឹកជំនន់ ជន់លិចតំបន់ជាច្រើននៅទីនោះ។ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងសង្រោះបន្ទាន់, កងទ័ពជើងគោក និងកងអាកាសឥណ្ឌា(IAF) ដើម្បីអនុវត្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

អភិបាលរដ្ឋ លោក Shivraj Singh Chouhan បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យ៉ាងដូច្នេះថា«រហូតមកទល់ពេលនេះ មនុស្ស ៨នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងឧបត្តិហេតុគ្រោះទឹកជំនន់ខេត្ត Madhya Pradesh»។ អភិបាលរដ្ឋរូបនេះ បានសង្កត់ធ្ងន់ថា«កិច្ចខិតខំប្រឹងប្រឺងជួយសង្គ្រេាះ កំពុងដំណើរការណ៍ដើម្បីជម្លៀសប្រជាជនប្រមាណ ១,២០០នាក់ ដែលជាប់គាំងក្នុងភូមិចំនួន ៤០ ដែលបានជន់លិចដោយទឺកជំនន់»។

យោងតាមមន្ត្រីក្នុងតំបន់ រហូតមកទល់ពេលនេះ មនុស្សប្រមាណជាង ៧,០០នាក់ ត្រូវបានជួយសង្គ្រោះនៅទូទាំងរដ្ឋ ខណៈតង់សង្គ្រោះចំនួន ១៧០ ត្រូវបានរៀបចំនៅក្នុងសង្កាត់ដែលរងគ្រោះ»។ រដូវមូសុងដែលកំពុងកើតមានឡើង នៅក្នុងប្រទេសឥណ្ឌាបានឈានដល់កម្រិតកំពូល។ ជាមួយនឹងបញ្ហានេះ ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋឥណ្ឌាជាច្រើន៕