(ញូដេលី)៖ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ឥណ្ឌាបានប្រកាសថាយោធារបស់ខ្លួន នឹងមិនចូលរួមសមយុទ្ធពហុភាគី «Kavkaz-2020» ឆ្នាំនេះ ដែលត្រូវបានរៀបចំឡើងដោយប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី១៥-២៧ ខែកញ្ញា ឆ្នាំ២០២០ នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា ការសម្រេចចិត្តបែបនេះ គឺដោយសារតែបញ្ហាវិបត្តិជំងឺឆ្លងរាតត្បាតជាសកល COVID-19។ អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌាបានបង្ហោះសារលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ក្រោមការអញ្ជើញរបស់រុស្ស៉ី ឥណ្ឌាបានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើន។ ប៉ុន្តែដោយសារផលវិបាកដែលបង្កឡើងដោយវិបត្តិ COVID-19 ឥណ្ឌាបានសម្រេចចិត្តមិនបញ្ជូនកម្លាំងយោធាខ្លួនឲ្យចូលរួមសមយុទ្ធ Kavkaz-2020 ឆ្នាំនេះឡើយ»

គួរជម្រាបថា សមយុទ្ធយោធាអន្តរជាតិ Kavkaz-2020 នឹងត្រូវធ្វើឡើងនៅទីក្រុង Orenburg ភាគនិរតីប្រទេសរុស្ស៉ី។ ចិន ប៉ាគីស្ថាន រុស្ស៉ី កាហ្សាក់ស្ថាន កៀ ហ្ស៊ី ស៊ី ស្ថាន តាជីគីស្ថាន អ៊ូបេគីស្ថាន ម៉ុងហ្គោល ស៉ីរី អ៉ីរ៉ង់ អេហ្ស៉ីប បេឡារុស តួកគី អាមេនី អាហ្សេបៃសង់ និងតួកមេនីស្ថាន ត្រូវគេរំពឹងថានឹងចូលរួមក្នុងសមយុទ្ធយោធានេះ៕