(ញូយ៉ក)៖ ការស្ទង់មតិមួយចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញឲ្យដឹងថា ទស្សនៈវិជ្ជមានកាន់តែស្រុតចុះខ្លាំង លើសហរដ្ឋអាមេរិក និងចក្រភព អង់គ្លេស ជុំវិញការដោះស្រាយ និងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។

លទ្ធផលស្ទង់មតិនេះ បានបង្ហាញថា ទស្សនៈរបស់ជនជាតិអង់គ្លេស មានតែចំនួន ៤៦ភាគរយ និងជនជាតិអាមេរិកចំនួន ៤៧ភាគរយប៉ុណ្ណោះ ដែលបានគិតថា រដ្ឋាភិបាលរបស់ពួកគេបានចូលរួមចំណែក ក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងនឹង COVID-19 បានល្អ។ សហរដ្ឋអាមេរិក បានឈរនៅចំណាត់ថ្នាក់ខ្សោយបំផុត ដោយមានតែ ១៨ភាគរយប៉ុណ្ណោះ បាននិយាយថា បច្ចុប្បន្ន ប្រទេសរបស់ពួកគេមានសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងនឹង បន្ទាប់ពីការផ្ទុះឡើងនូវជំងឺដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា តួលេខនេះ បានមកពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលបានសម្ភាសន៍ជាមួយមនុស្សពេញវ័យចំនួន ១៤,២៧៦នាក់ តាមរយៈទូរស័ព្ទ ដែលគិតចាប់ពី ថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែសីហា កន្លងទៅនេះ៕