(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅក្នុងប្រទេសជប៉ុន នឹងបោះឆ្នោតជ្រើសអ្នកបន្តវេនពី លោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីលោក អាបេ ផ្ទាល់បានប្រកាសជាផ្លូវការពីការសម្រេចចិត្តថា នឹងលាលែងចេញពីតំណែង ដោយសារបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។

លោក អាបេ បានប្រកាសថា លោកនឹងលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីជំងឺចាស់គឺរលាកពោះវៀនធំ និងពោះវៀនតូចរុំារ៉ៃរើឡើងជាថ្មី។ នៅក្នុងសន្និសីទសារព័ត៌មាន លោក អាបេ មិនបានលើកឡើងពីឈ្មោះ អ្នកដែលត្រូវបបន្តវេនពីលោកឡើយ។
ជុំវិញបញ្ហាខាងលើនេះ អតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៉ីស៊ីបា ស៊ីហ្គែរុ (Ishiba Shigeru) និងអតីតរដ្ឋមន្ត្រីការបរទេស លោក គីហ្ស៊ីដា ហ្វូមីអុ (Kishida Fumio) បានបង្ហាញពីបំណងចូលរួមប្រកួតប្រជែង យកតំណែងជានាយករដ្ឋមន្ត្រី ខណៈប្រធានលេខាធិការគណៈរដ្ឋមន្ត្រី លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) និងរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន លោក កូណូ តារ៉ូ (Kono Taro) ក៏ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមមនុស្ស ដែលអាចបន្តវេនពីលោក អាបេ ផងដែរ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Kyodo ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Aso Taro បាននិយាយថាលោកគ្មានគម្រោងចូលរួម ប្រកួតប្រជែងដំណែងជានាយករដ្ឋមន្ត្រីជំនួសលោក អាបេឡើយ។ Kyodo បន្ថែមទៀតថា ការបោះឆ្នោតនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) នឹងត្រូវធ្វើ ឡើងនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ខណៈរបៀបវារៈ និងកាលបរិច្ឆេទជាក់លាក់ អាចនឹងត្រូវបានសម្រេចនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ៕