(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតហើយ នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមរយៈការរៀបចំពិធីជួបជុំមួយក្នុងទីក្រុង ឡុនដុនឌែរី (Londonderry) នៃរដ្ឋ ញូហិមភ៍សឺ (New Hampshire) តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានទទួលយកការតែងតាំង ជាបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានមួយ លោក ដូណាល់ ត្រាំ ក៏បានឆ្លៀតរិះគន់ក្រុមបាតុករប្រឆាំង ការរើសអើងពូជសាសន៍ ដែលកំពុងបន្តនាំគ្នាធ្វើបាតុកម្ម ទាមទារយុត្តិធម៌សង្គមផងដែរ។ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ពួកគេមិនមែនជាបាតុករឡើយ។ ពួកគេគឺជាពួកបង្កអាណាធិបតេយ្យ, ពួកបង្កចលាចល, ពួកកុប្បករ និងពួកចោរឆ្លៀតឱកាស»។ លោក ត្រាំ បានបន្ថែមទៀតថា ក្រុមបាតុករទាំងនោះមិនបានដឹងអ្វីឡើយពី ចច ហ្វ្លយដ៍ (George Floyd) ហើយពេលគេសួរពួកគេថា តើនរណាជា George Floyd? ពួកគេបានឆ្លើយថា «ខ្ញុំមិនដឹងទេ»

George Floyd ជាបុរសស្បែកខ្មៅម្នាក់មានអាយុ ៤៦ឆ្នាំ ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋ មីននីសូតា (Minnesota) យកក្បាលជង្គង់សង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់កាលពីខែឧសភា ដោយបានបង្កឱ្យផ្ទុះបាតុកម្មតវ៉ា ប្រឆាំងការរើសអើងពូជសាសន៍ នៅក្នុងសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ។ ដោយឡែក ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ត្រាំ លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យ បានចាត់ទុកថា ការលើកឡើងរបស់លោក ត្រាំ បានបង្កឱ្យមានការបែកបាក់, កុហកបោកប្រាស់ និងបង្កចលាចលក្នុងរដ្ឋ New Hampshire៕