(ប៉េកាំង)៖ នៅថ្ងៃ​សុក្រ ទី​២៨​ ខែ​សីហា ឆ្នាំ២០២០ អគ្គស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍មជ្ឈិម​ចិន, គណៈកម្មាធិការ​សេដ្ឋកិច្ច​អាមេរិក​ឡាទីន និង​ការ៉ាប៊ីន និង​សហព័ន្ធ​សារ​ព័ត៌មាន​អាមេរិក​ឡាទីន​ បាន​រួម​គ្នា​រៀបចំ​វេទិកាសហប្រតិបត្តិការ​តាម​អនឡាញ​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​ក្រោម​ប្រធាន​បទ​ «ដៃគូ​អាមេរិក​ឡាទីន» ឆ្នាំ​២០២០តាម​រយៈប្រព័ន្ធ​វីដេអូ។

តំណាង​មកពី​ស្ថាប័ន​សារ​ព័ត៌មាន​ចំនួន​ ១៥​ នៃ​ប្រទេស​ចិន​ និង​ប្រទេស​អាមេរិកឡាទីន​ចំនួន ​១១ ​សរុប ​៣៣​រូប​បាន​ធ្វើ​កិច្ច​សន្ទនា​តាម​អនឡាញ និងចេញសេចក្តី​ថ្លែង​ការណ៍​រួម ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ដែល​បាន​ចារ​ទំព័រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​​រវាង​ប្រព័ន្ធ​សារ​ព័ត៌មានចិន​ និង​អាមេរិក​ឡាទីន។

ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើកវេទិកា​លើក​នេះ លោក សិន ហៃសុង (Shen Haixiong) ​អគ្គនាយក ​និង​ជា​និពន្ធ​នាយកនៃអគ្គស្ថានីយ​វិទ្យុ​ និង​ទូទស្សន៍​មជ្ឈិម​ចិនបាន​លើក​ឡើង​ថា ប្រព័ន្ធ​សារព័ត៌មាន​គួរ​តែ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ការ​ពិត តែ​មិន​មែនបង្កើត​ពាក្យ​ចចាមអារ៉ាម​ និង​បង្ក​រឿង​នោះ​ទេ, ប្រព័ន្ធ​សារ​ព័ត៌មាន​គួរ​តែប្រមូល​ផ្តុំ​​គំនិតឯកភាព​រួម តែ​មិន​មែន​បង្ក​ការ​ខ្វែង​គំនិត​គ្នា​នោះ​ទេ, ប្រព័ន្ធ​សារ​ព័ត៌មាន​គួរ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ តាម​បែប​វិទ្យាសាស្រ្ត តែ​មិន​មែន​ទម្លាក់​កំហុស​ទៅ​ឱ្យ​ប្រទេស​ដទៃ​នោះ​ទេ, ប្រព័ន្ធ​សារ​ព័ត៌មាន​គួរ​តែ​ផ្សព្វ​ផ្សាយ​ពី​ជំនឿ​ចិត្ត តែ​មិន​មែន​វាយ​ប្រហារ​ក្នុង​ចេតនា​អាក្រក់​នោះ​ឡើយ។

លោក Shen បានបន្តទៀតថា ប្រព័ន្ធ​សារ​ព័ត៌មាន​ចិន​និង​អាមេរិក​ឡាទីន​គួរ​តែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ថែមមួយ​កម្រិត​ទៀត រួម​គ្នា​បញ្ចេញ​សំឡេង​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​ចិន​ និង​អាមេរិក​ឡាទីន​ និង​ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនាខាង​សុខាភិបាល​មនុស្ស​ជាតិ ក្នុង​អាកប្បកិរិយា​ទទួល​ខុស​ត្រូវ​ និង​ប្រកាន់ខ្ជាប់​គោល​ការណ៍​សត្យានុម័ត យុត្តិធម៌ ​និង​ពិត​ប្រាកដ ។

ឥស្សរជន​ដែល​ចូល​រួម​វេទិកា​បាន​ថ្លែង​ថា ក្នុង​គ្រា​ដ៏​គន្លឹះ​នៃ​ការ​សាមគ្គីគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង នៅ​តែ​មាន​អ្នក​នយោបាយ​ និង​ប្រព័ន្ធ​សារ​ព័ត៌មាន​នៃប្រទេស​មួយ​ចំនួន​ បានតម្កល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​លើ​អាយុជីវិត ប្រព័ន្ធ​សារព័ត៌មាន​ដែល​មាន​សតិ​សម្ប​ជញ្ញៈលើ​ពិភពលោក​ សុទ្ធ​តែ​ឈរ​នៅ​ជា​មួយ​គុណធម៌ជាប់​ជានិច្ច។

ក្រៅ​ពី​នេះក្នុង​វេទិកា​តាម​អនឡាញ​លើក​នេះ តំណាង​ប្រព័ន្ធ​សារ​ព័ត៌មាន ​នៃ​បណ្តា​ប្រទេស​នានា​ក៏​បាន​ចេញ​ផ្សាយ​ «សេចក្តី​ថ្លែង​ការណ៍​រួម​អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ឆ្លង​របស់​ដៃគូ​អាមេរិក​ឡាទីន» ផង​ដែរ៕