(ប៊ែកឡាំង)៖ យន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកជាច្រើនគ្រឿង នៅថ្ងៃសុក្រនេះ បានហោះហើរនៅលើផ្ទៃអាកាស នៃបណ្តាប្រទេសសមាជិកណាតូ(NATO) ទាំង៣០ប្រទេស នៅក្នុងសមយុទ្ធយោធាមួយ ដែលភាគីអាមេរិកបានអះអាងថា ដើម្បីបង្ហាញពីសាមគ្គីភាពរបស់បណ្តាប្រទេសសម្ព័ន្ធមិត្ត ចំពេលដែលសញ្ញានៃភាពប្រេះឆា ហាក់កាន់តែស្តែងច្បាស់។ នេះយោងតាមការចេញផ្សាយដោយ សារព័ត៌មាន US News នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

តាមប្រភពខាងលើបានគូសបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ(Stratofortress )ចំនួន ៤គ្រឿង ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានធ្វើការហោះហើរលើផ្ទៃអាកាស នៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលជាសមាជិកអង្គការ NATO ដោយមានការចូលរួមពីយន្តហោះចម្បាំងរបស់ប្រទេសជាដៃគូជាច្រើនគ្រឿងទៀត ព្រមទាំងគេឃើញមានយន្តហោះចាប់ប្រេងចំនួន ២គ្រឿងផងដែរ។ ចំណែកឯ យន្តហោះ Stratofortress ចំនួន ២គ្រឿងទៀត ដែលមានមូលដ្ឋាននៅរដ្ឋ North Dakota បានហោះហើរលើប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

តាមរយៈសេចក្តីថ្លែងការណ៍ លោកឧត្តមសេនីយ៍ Tod Wolters មេបញ្ជាការនៃបញ្ជាការអឺរ៉ុប-អាមេរិក បាននិយាយថា«បេសកកម្មរយៈពេល១ថ្ងៃ គឺជាផ្នែកមួយនៃបេសកកម្មផ្លូវអាកាសធម្មតាមួយ ដែលបានកើតឡើងនៅអ៊ឺរ៉ុប តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែវាត្រូវបានកំណត់ជាពិសេស ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសមាជិក NATO, បង្កើនការត្រៀមខ្លួន និងជាឱកាសបណ្តុះបណ្តាលសម្រាប់បណ្តាប្រទេសជាសមាជិកទាំងអស់»

គួរជម្រាបថា សមយុទ្ធផ្លូវអាកាសខាងលើនេះ វាកើតឡើងចំពេលដែលជម្លោះរវាងប្រទេសក្រិក និងតួកគីដែលជាប្រទេសសមាជិកអង្គការ NATO ដូចគ្នានោះ មានភាពតានតឹងជាខ្លាំង ជុំវិញដែនទឹកក្នុងសមុទ្រមេឌីទែរ៉ាណេខាងកើត ដែលសម្បូរទៅដោយធនធានធម្មជាតិ។ មិនតែប៉ុណ្ណោះ យុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានដាក់សម្ពាធលើសមាជិក NATO ឲ្យបន្ថែមការចំណាយលើអង្គការនេះ វាបានធ្វើឲ្យប្រទេសជាច្រើនមានការអាក់អន់ចិន្ត និងខ្វែងគំនិតគ្នាជាខ្លាំង៕