(តូក្យូ)៖ ជប៉ុននឹងលុបចោលនូវបំរាម ដែលហាមឃាត់ជនបរទេស ចូលមកក្នុងប្រទេសរបស់ខ្លួន នៅខែកញ្ញាខាងមុខនេះហើយ ខណៈកំពុងព្យាយាមស្ដារសេដ្ឋកិច្ចឡើងវិញពីការខូចខាត បង្កឡើងដោយការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ ដកស្រង់ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសនិ្នសីទសារព័ត៌មាន លោក អាបេ បានគូសបញ្ជាក់យ៉ាងដូចច្នេះថា «ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ យើងនឹងអនុញ្ញាតឲ្យជនបរទេស ដែលមានទិដ្ឋាការត្រឹមត្រូវ ចូលមកប្រទេសជប៉ុនវិញ ក្នុងលក្ខខណ្ឌដែលពួកគេ អនុវត្តគោលការណ៍ណែនាំសុខភាព និងសុវត្ថិភាពបន្ថែម ដើម្បីការពារការឆ្លង COVID-19»

គួរជម្រាបថា ជប៉ុនធ្លាប់បានប្រឈមមុខ ទៅនឹងការរិះគន់យ៉ាងខ្លាំង ចំពោះគោលនយោបាយបិទព្រំដែនយ៉ាងតឹងរ៉ឹង ដែលហាមឃាត់អ្នកមិនមែនជាពលរដ្ឋជប៉ុន ក្នុងនោះរួមមាន ទាំងអ្នកស្នាក់នៅរយៈពេលវែង ចូលមកក្នុងប្រទេសរបស់ខ្លួន។ ជប៉ុនបានរងផលប៉ះពាល់ពី COVID-19 តិចជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសជឿនលឿនដទៃទៀត ដោយមានករណីឆ្លងសរុបជាង ៦៥,០០០ករណី ក្នុងនោះស្លាប់សរុបមានជាង ១,២០០ករណី៕