(ស៊ីដនី)៖ ក្មេងប្រុសអាយុ ០៤ឆ្នាំម្នាក់ស្ថិតក្នុងចំណោមមនុស្ស ០៣នាក់ ដែលបានស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយសារការដួលរលំដើមឈើ នៅពេលព្យុះភ្លៀងខ្លាំងមួយ បក់បោកទៅលើរដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

ក្មេងប្រុសខាងលើបានរងរបួសធ្ងន់ បន្ទាប់ពីត្រូវដើមឈើរលំសង្កត់លើ នៅឯជាយទីក្រុងមែលប៊ន (Melbourne)។ ក្មេងប្រុសនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះដែរ ប៉ុន្តែក្រោយមកក៏បាត់បង់ជីវិត។ ទន្ទឹមនឹងនេះបុរសម្នាក់ និងស្រ្តីម្នាក់បានស្លាប់ ក្នុងហេតុការណ៍ដាច់ដោយឡែកពីរគ្នា នៅពេលដែលរថយន្តរបស់ពួកគេ ត្រូវមែកឈើធំៗបាក់សង្កត់លើ ពេលកំពុងធ្វើដំណើរ។

គួរបញ្ជាក់ ព្យុះភ្លៀងនោះក៏បានបណ្ដាលឲ្យទឹកស្អាត សម្រាប់ផ្គត់ផ្គង់លំនៅដ្ឋានប្រមាណ ២៥០,០០០ខ្នងត្រូវលាយឡំជាមួយទឹក ដែលមិនបានសម្លាប់មេរោគ មកពីទំនប់ទឹកមួយផងដែរ ដូចច្នេះហើយអាជ្ញាធរបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវដាំទឹកឲ្យពុះជាមុនសិន មុននឹងយកទៅទទួលទាន។ ក្រៅពីគ្រោះមហន្តរាយធម្មជាតិ រដ្ឋវិចតូរៀក៏កំពុងតែរងគ្រោះ ដោយការឆ្លងរាតត្បាត COVID-19 ខ្លាំងក្លាជាងគេផងដែរ៕